(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្តុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃសុក្រនេះ បានថ្លែងថា រូបលោកនឹងចូលរួមកិច្ចប្រជុំកំពូលស្តីពី អាកាសធាតុ COP26 របស់អង្គការសហប្រជាជាតិ (UN) ដែលនឹងត្រូវរៀបចំឡើង នៅទីក្រុងក្លាសកូវ នៃប្រទេសស្តុតលែន ខណៈរដ្ឋាភិបាលលោក កំពុងទទួលរងសម្ពាធអន្តរជាតិ ឲ្យធ្វើសកម្មភាពថែមទៀត ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។

កន្លងមកលោក ម៉ូរីសុន ធ្លាប់បាននិយាយថា លោកពុំច្បាស់ទេថា នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ COP26 ដែរឬអត់ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយសារតែវិបត្តិជំងឺរាតត្បាតសកល COVID-19 ប៉ុន្តែឥឡូវក្តីបារម្ភទាំងនោះ ហាក់បានថមថយវិញហើយ ខណៈទីក្រុងស៉ីដនីរបស់អូស្រ្តាលី នឹងត្រូវបញ្ចប់គោលការណ៍ធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបរទេស នៅដើមខែក្រោយ។

គួរបញ្ជាក់ថា ស្របពេលប្រទេសជាច្រើន បាននាំគ្នាប្តេជ្ញាសម្រេចឲ្យបាននូវ «អព្យាក្រឹត្យកាបូន» នៅត្រឹមឆ្នាំ២០៥០ អូស្រ្តាលីមិនបានកំណត់ គោលដៅរបស់ខ្លួនឲ្យច្បាស់ទេ។ យ៉ាងណាមិញ អូស្រ្តាលីត្រូវគេរំពឹងថា នឹងអាចសម្រេចបាននូវ ការសន្យារបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ចន្លោះ២៦-២៨ភាគរយ ពីកម្រិតកាលពីឆ្នាំ២០០៥ នៅត្រឹមឆ្នាំ២០៣០៕