(ម៉ានីល)៖ កងទ័ពហ្វីលីពីនបានប្រកាសជាផ្លូវការ នូវការបញ្ចប់ប្រតិបត្តិការឧទ្ធម្ភាគចក្រត្រកូល UH-1D Huey (ហ៊ូវី) សរុបចំនួន ១០គ្រឿង ដោយសារតែពួកវាចាស់ទ្រុឌទ្រោម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។

បើតាមប្រភពពីយោធាហ្វីលីពីន ឧទ្ធម្ភាគចក្រត្រកូល UH-1D Huey គឺជាផលិតរបស់ក្រុមហ៊ុនអាមេរិក ប៊ែល ហេលីខបថឺ (U.S. Bell Helicopter) ដែលហ្វីលីពីនទទួលបានពីសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ២០១៣ និង ២០១៤។ ហ្វីលីពីនកន្លងមកនេះ បានប្រើប្រាស់ឧទ្ធម្ភាគចក្រ UH-1D Huey ទាំងនេះ ដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងផ្តល់ជំនួយដល់ជនរងគ្រោះដោយសាររញ្ជួយដី និងព្យុះទីហ្វុង នៅតាមដែនដីកោះដ៏ច្រើនរបស់ខ្លួន។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលមានអាយុកាលរាប់ទសវត្សរ៍ទាំង ១០គ្រឿងខាងលើនេះ នឹងត្រូវរក្សាទុកនៅទីបញ្ជាការកងទ័ពអាកាសទី 410 ដែលស្ថិតនៅមូលដ្ឋានទ័ពអាកាស ក្លាក (Clark) ភាគខាងជើងរដ្ឋធានីម៉ានីល។ ការផ្អាកដំណើរការឧទ្ធម្ភាគចក្រទាំងនេះ ត្រូវបានគេមើលឃើញថា ជាការបង្ការកុំឲ្យមានបញ្ហាកើតឡើងដូចកាលពីអតីតកាល។

គួររំលឹកថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ យន្តហោះដឹកយោធារបស់ហ្វីលីពីន ត្រកូល C-130 មានអាយុរហូតដល់ទៅ ៣៣ឆ្នាំ ដែលជារបស់មួយទឹកមកពីសហរដ្ឋអាមេរិក បានធ្លាក់នៅតំបន់ភាគខាងត្បូងប្រទេស ដោយសារតែបញ្ហាបច្ចេកទេស និងបានផ្តាច់ជីវិតមនុស្ស ៥២នាក់។ វាគឺជាគ្រោះមហន្តរាយធ្លាក់យន្តហោះយោធា ដែលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រហ្វីលីពីន ជាង ៣០ឆ្នាំមកនេះ៕