(កាប៊ុល)៖ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានផ្តល់ជំនួយមនុស្សធម៌ដល់ ប្រជាជនខ្វះខាតរាប់ពាន់នាក់ នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ខណៈសេដ្ឋកិច្ចប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងតែធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។

នៅថ្ងៃពុធនេះ UNHCR បានសហការជាមួយ ទីភ្នាក់ងារផ្តល់ជំនួយមួយចំនួនក្នុងតំបន់ ក្នុងការផ្តល់របស់របរប្រើប្រាស់ក្នុងផ្ទះចាំបាច់ ដល់ប្រជាជនសរុបជាង ៤,៥០០នាក់ នៅក្នុងទីក្រុងខេត្តកាប៊ុល, ខេត្តកាន់ដាហា (Kandahar), ឃុនដឹស (Kunduz), ហេរ៉ាត (Herat) និងខេត្ត បាល (Bakh) ផងដែរ។
ទីភ្នាក់ងារ UN មួយនេះបានប្រកាសឲ្យដឹងទៀតថា «នៅខេត្តហេរ៉ាត យើងបានផ្តល់ជំនួយជាសាច់ប្រាក់ ដល់មនុស្សចំនួន ៦៦៥នាក់ ដើម្បីបំពេញតម្រូវការមូលដ្ឋាន ហើយសម្រាប់នៅទីក្រុងកាប៊ុល និងខេត្តហេរ៉ាតដដែល មនុស្សសរុប ៩៧៣នាក់ទៀត បានទទួលសាច់ប្រាក់សម្រាប់ជាការជួល...»

គួរបញ្ជាក់ថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមជាមួយទីភ្នាក់ងារផ្តល់ជំនួយ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន កំពុងរត់ប្រណាំងជាមួយពេលវេលា ដើម្បីផ្តល់ជំនួយសង្គ្រោះ និងការផ្គត់ផ្គង់បន្ទាន់ដល់ប្រជាជនអាហ្វហ្គានីស្ថានរងគ្រោះ ចំពោះមុខរដូវរងាដែលខិតជិតមកដល់។ ស្ថានភាពសេដ្ឋកិច្ចនៅអាហ្វហ្កានីស្ថាន ត្រូវបានគេមើលឃើញថា កាន់តែដុនដាបទៅៗ រួមជាមួយនិងអត្រាអ្នកគ្មានការងារធ្វើ និងភាពក្រីក្រកើនឡើងខ្ពស់៕