(ប៉េកាំង)៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្នុងសន្និសីទប្រកាសសមិទ្ធផលជីវចម្រុះ ដែលរៀបចំនៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរុក្ខជាតិក្រុង គុនមីង ខេត្តយូណាន ប្រទេសចិន បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានបង្ហាញពីភាពពិពិធកម្ម នៃគ្រាប់ពូជតាមរយៈការតាំងបង្ហាញ «ឃ្លាំងគ្រាប់ពូជ»

ឃ្លាំងគ្រាប់ពូជរុក្ខជាតិ ត្រូវបានប្រិសទ្ធនាមជា «នាវាជីវិត» សម្រាប់អភិរក្សភាពពិពិធកម្មរុក្ខជាតិ ក្នុងន័យចៀសវាងកុំឱ្យដំណាំកសិកម្ម និងរុក្ខជាតិព្រៃដែលមនុស្សជាតិពឹងអាស្រ័យទាំងនោះ ដាច់ពូជដោយសាររងគ្រោះមហន្តរាយ។ និយាយចំពោះភាពពិពិធកម្មរបស់រុក្ខជាតិ លោក Wu Zhengyi អ្នករុក្ខសាស្ត្រដ៏ល្បីឈ្មោះ និងជាបណ្ឌិតសភាចារ្យ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររបស់ប្រទេសចិន ដែលលាចាកលោក ធ្លាប់ថ្លែងថា «រុក្ខជាតិមួយអាចជិះឥទ្ធិពលដល់សេដ្ឋកិច្ចនៃប្រទេសមួយ ហើយហ្សែនមួយប្រភេទក៏អាចពាក់ព័ន្ធដល់ វិបុលភាពនៃប្រទេសជាតិមួយផងដែរ»

ក្រៅពីរុក្ខជាតិ អ្នកផងទាំងពួងក៏កាន់តែយកចិត្តទុកដាក់ដល់សត្វព្រៃ ជាពិសេសគឺការអភិរក្សសត្វព្រៃដែលជិតនឹងផុតពូជ ។ ដោយមកពីកក្តាដូចជាការបំផ្លិចបំផ្លាញពីមនុស្សជាតិ និងការបាត់បង់ទីជម្រកជាដើម នៅលើភពផែនដី អត្រាជិតនឹងដាច់ពូជនៃសត្វនិងរុក្ខជាតិ បានកើនឡើងដោយល្បឿនគួរឱ្យអ្នកផងភ្ញាក់ផ្អើល ល្គឹកណាដែលសត្វ និងរុក្ខជាតិព្រៃកាន់តែតិចទៅៗ នោះស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ីនឹងរងការបំផ្លិចបំផ្លាញ ហើយបរិយាកាសរស់នៅរបស់មនុស្សជាតិ ក៏នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ។

ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជីវចម្រុះដ៏សំបូរបែបបំផុត ប្រទេសចិនមានកំណត់ត្រា អំពីសត្វឆ្អឹងកងលើដីគោកចំនួនជាង ២,៩០០ប្រភេទ ត្រូវជាលើសពី ១០ភាគរយ នៃចំនួនសរុបនៅលើពិភពលោក និងមានរុក្ខជាតិថ្នាក់ខ្ពស់ចំនួនជាង ៣៦,០០០ប្រភេទ ដែលបានកាន់លំដាប់ទីបីនៅលើពិភពលោក ។

ដើម្បីទប់ស្កាត់ការបាត់បង់ជីវចម្រុះជាសកល «អនុសញ្ញាជីវចម្រុះ» នៃអង្គការសហប្រជាជាតិ បានចូលជាធរមានជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៣ ប្រទេសចិនជាប្រទេសមួយ ក្នុងចំណោមរដ្ឋហត្ថលេខីមុនគេបង្អស់។

នៅខែតុលានេះ មហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» លើកទី១៥ (ហៅកាត់COP15) បានបើកធ្វើនៅក្រុង គុនមីង ខេត្តយូណាន ប្រទេសចិន ក្រោមប្រធានបទ «អរិយធម៌អេកូឡូស៊ី រួមគ្នាកសាងសហគមន៍រួមអាយុជីវិតរបស់ភពផែនដី»។ សមិទ្ធផលដ៏សំខាន់បំផុតមួយ នៃមហាសន្និបាតលើកនេះ គឺបានឈានដល់ «ក្របខណ្ឌអំពីជីវចម្រុះជាសកលបន្ទាប់ពីឆ្នាំ២០២០» ក្នុងន័យណែនាំដំណើរអភិរក្សជីវចម្រុះជាសកល ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដូច្នេះ សហគមន៍អន្តរជាតិបានចាត់ទុកប្រការនេះ ជាឱកាសជាប្រវតិ្តសាស្ត្រសម្រាប់ដោះស្រាយបញ្ហាបាត់បង់ជីវចម្រុះជាសកល ។

បច្ចុប្បន្ននេះ សភាពការណ៍ដែលជីវចម្រុះជាសកល រងការគំរាមកំហែងជាទូទៅ នៅតែមានភាពធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់។ ការងារអភិរក្សជីវិចម្រុះរបស់ប្រទេសចិន ក៏ប្រឈមនឹងការសាកល្បងយ៉ាងតឹងរ៉ឹងផងដែរ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិរក្សជីវចម្រុះ ហើយបានចាត់ទុកការងារនេះ ជាខ្លឹមសារសំខាន់នៃកិច្ចកសាងអរិយធម៌អេកូឡូស៊ី ព្រមទាំងបានរៀបចំចាត់ចែងការងារជាប្រព័ន្ធ និងចាត់វិធានការដ៏ខ្លាំងក្លាមួយចំនួន ដើម្បីជំរុញការងារអភិរក្សជីវចម្រុះ ឱ្យទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងសកម្ម ។

ប្រទេសចិនបានសកម្មអភិរក្សសត្វ និងរុក្ខជាតិព្រៃ និងស្តារទីជម្រករបស់សត្វព្រៃឡើងវិញ អ្នកផងទាំងពួងបានរកឃើញ ដោយសប្បាយរីករាយថា៖ សត្វ Crested Ibis ដែលពេលត្រូវរកឃើញមានតែ៧ក្បាល ឥឡូវបានកើនឡើងដល់ចំនួនជាង ៥,០០០ក្បាល ហើយសត្វកែះស៊ីចាំង បានកើនឡើងពីរាប់ម៉ឺនក្បាល ដល់ចំនួនជាង៣០០,០០០ក្បាល នាពេលបច្ចុប្បន្ន កាលពីទសវត្សរ៍ឆ្នាំ៨០ នៃសតវត្សរ៍មុន ស្វាក្បាលសមានតែជាង៣០០ក្បាល តែឥឡូវនេះបានកើនឡើងដល់ចំនួនជាង១,៣០០ក្បាល រីឯកុកសបានកើនឡើងពី២១០ក្បាល ដល់ចំនួនជាង៤,៥០០ក្បាល ។ល។

ព្រមពេលជាមួយគ្នានេះ ការងារអភិរក្សរុក្ខជាតិព្រៃក៏ទទួលបានសមិទ្ធផលជាផ្លែផ្កា។ បច្ចុប្បន្ននេះ ប្រទេសចិនបានដាំរុក្ខជាតិជិតដាច់ពូជ នៅតំបន់ព្រៃឈើចំនួន២០៦ប្រភេទ ក្នុងនោះមាន១១២ប្រភេទ ជាប្រភេទពិសេសរបស់ប្រទេសចិន។ ក្រៅពីនេះ ប្រទេសចិនក៏បានបង្កើតសួនរុក្ខជាតិប្រហែល ២០០កន្លែង និងបានបង្កើតតំបន់ការពារធម្មជាតិគ្រប់ប្រភេទ និងគ្រប់ថ្នាក់ចំនួន១១,៨០០កន្លែងនៅទូទាំងប្រទេស ដែលមានទំហំត្រូវជា១៨ភាគរយ នៃទំហំផ្ទៃដីសរុបរបស់ប្រទេសចិន។

ជាងនេះទៅទៀត អ្វីដែលធ្វើឱ្យអ្នកផងមានក្តីត្រេកអរពិសេស គឺនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតចូលរួមពីសង្គមស៊ីវិល ក្នុងការងារអភិរក្សាជីវចម្រុះនៃប្រទេសចិន និងមនសិការរបស់សាធារណជន បានលើកកម្ពស់ឥតឈប់ឈរ។ រដ្ឋាភិបាលចិនបានលើកទឹកចិត្តយ៉ាងសកម្ម ឱ្យសហគ្រាសនិងអង្គការសង្គមស៊ីវិល រួមគ្នាចូលរួមការងារអភិរក្សជីវចម្រុះ ហើយបានបង្កើនការផ្សាព្វផ្សាយ និងអប់រំចំពោះសាធារណជន ដើម្បីលើកកម្ពស់កម្រិតចូលរួម របស់សង្គមទាំងមូលក្នុងការងារអភិរក្សជីវចម្រុះ ក៏ដូចជាបណ្តុះបណ្តាលមហាជន ឱ្យចូលរួមការអភិរក្សាធម្មជាតិនិងបរិស្ថានផងដែរ។

«ការពារធម្មជាតិ មនុស្សគ្រប់រូបសុទ្ធតែមានទំនួលខុសត្រូវ»។ ប្រធានបទនៃទិវាជីវចម្រុះអន្តរជាតិឆ្នាំនេះ បានប្រាប់ទៅកាន់អ្នកផងថា មនុស្សគ្រប់រូបសុទ្ធតែ អាចរួមចំណែកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការអភិរក្សជីវចម្រុះ។ សូមឱ្យយើងរួមគ្នាការពារទីលំនៅភពផែនដី ដែលមនុស្សជាតិយើងពឹងអាស្រ័យ ដើម្បីរួមគ្នាបង្កើតពិភពលោក ដែលប្រកបដោយវិបុលភាព ភាពស្រស់ស្អាត និងស្រស់ប្រិមប្រិយ៕