(សេអ៊ូល)៖ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺនៃប្រទេសកូរ៉េខាងត្បូង (KDCA) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងបរិច្ចាគវ៉ាក់សាំង AstraZeneca ចំនួន១.១លានដូស ដល់ប្រទេសវៀតណាម និង៤៧០,០០០ដូស ដល់ប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។

ទីភ្នាក់ងារ KDCA បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការប្រកាសបរិច្ចាគវ៉ាក់សាំងបង្ការ COVID-19 ខាងលើនេះ កើតមានឡើង ស្របពេលដែលប្រទេសកូរ៉េខាងត្បូង សម្រេចបានការចាក់វ៉ាក់សាំងយ៉ាងហោច១ដូស ជូនដល់ជិត៨០ភាគរយ នៃប្រជាជនកូរ៉េខាងត្បូងទាំង ៥២លាននាក់។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ថា វ៉ាក់សាំងដែលកូរ៉េខាងត្បូងនឹងបរិច្ចាគ ត្រូវទៅដល់ប្រទេសទាំងពីរ នៅពេលណាឲ្យច្បាស់ឡើយ។

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ ថៃបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួនជាង ១០,០០០នាក់ និងស្លាប់៨២នាក់ ដែលធ្វើឲ្យករណីឆ្លងសរុប បន្តកើនដល់ ១.៧៤លាននាក់ និងស្លាប់ជិត១៨,០០០នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ នៅក្នុងប្រទេសថៃវិញនោះ គឺវ៉ាក់សាំងសរុប៦១.២លានដូស ត្រូវបានចាក់ ក្នុងនោះប្រជាជន ២៣.៩៣លាននាក់ (៣៤.២១ភាគរយ នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។

ចំណែកវៀតណាម កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួនជិត ៣,០០០នាក់ និងស្លាប់ជាង៩០នាក់ ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបក្នុងប្រទេសនេះ បន្តកើនដល់ជាង ៨៤ម៉ឺននាក់ និងស្លាប់ជាង២០,៧០០នាក់។ សម្រាប់ការចាក់វ៉ាក់សាំង គឺប្រជាជនវៀតណាមជាង១៦លាននាក់ (ជាង១៦ភាគរយ នៃចំនួនប្រជាជនសរុប ទទួលបានការចាក់គ្រប់ដូស)៕