(ប៉េកាំង)៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោក Xi Jinping ប្រធានរដ្ឋចិន បានចូលរួមកិច្ចប្រជុំកំពូល នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» លើកទី១៥ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានគូសបញ្ជាក់ថា ដើម្បីពង្រឹងការការពារជីវចម្រុះ ប្រទេសចិនកំពុងពន្លឿន ការកសាងប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលមានឧទ្យានជាតិជាតួអង្គសំខាន់។ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅ ដែលកាត់បន្ថយការបញ្ចេញកាបូន បន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹតភាពកាបូន ប្រទេសចិននឹងដាក់ចេញនូវ ផែនការអនុវត្តស្តីពីការកាត់បន្ថយការបញ្ចេញកាបូន បន្ទាប់ពីឡើងដល់ចំណុចកំពូល នៃវិស័យនិងឧស្សាហកម្មសំខាន់ៗជាបន្តបន្ទាប់ និងបង្កើតប្រព័ន្ធគោលនយោបាយ កាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹតភាពកាបូន «1+N»

លោក Xi បានបញ្ជាក់បន្ថែមថា ប្រទេសចិននឹងបន្តជំរុញការកែលម្អរចនាសម្ព័ន្ធឧស្សាហកម្ម និងរចនាសម្ព័ន្ធថាមពល ការអភិវឌ្ឍដោយពេញទំហឹង នូវថាមពលអាចកកើតឡើងវិញ និងពន្លឿនការរៀបចំផែនការ និងការសាងសង់គម្រោង នៃមូលដ្ឋានថាមពល ខ្យល់ និងពន្លឺព្រះអាទិត្យដោយទ្រង់ទ្រាយធំ នៅតំបន់សមុទ្រខ្សាច់៕