(ប៉េកាំង)៖ ថ្ងៃទី ១១ ខែតុលា ពិធីសំណេះសំណាលជាមួយអ្នកជំនាញ ស្តីពីការចាក់ផ្សាយជាផ្លូវការនូវប៉ុស្តិ៍កីឡាអូឡាំពិក នៃអគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិនបានរៀបចំឡើងនៅទីក្រុងប៉េកាំង។ ប៉ុស្តិ៍នេះនឹងក្លាយជាប៉ុស្តិ៍កីឡាភ្លឺច្បាស់ 4K ដំបូងបង្អស់នៅលើពិភពលោកដែលចាក់ផ្សាយ ២៤ ម៉ោងលើ ២៤ ម៉ោងតាមផ្កាយរណប។

លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការរបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជានាយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានចូលរួមក្នុងពិធីសំណេះសំណាល ដោយបានពិភាក្សាជាមួយតំណាងសមាជិក គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បញ្ញវន្ត អ្នកជំនាញ និងតំណាងអត្តពលិកឆ្នើម ដើម្បីរួមគ្នាបំផុសគំនិតសម្រាប់ប៉ុស្តិ៍កីឡាអូឡាំពិក ដែលនឹងចាក់ផ្សាយនាពេលខាងមុខនេះ។

ប៉ុស្តិ៍កីឡាអូឡាំពិក គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្ររវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ វាក៏ជាវេទិកាផ្សព្វផ្សាយតែមួយគត់នៅចិនដីគោក ដែលទទួលបានការអនុញ្ញាតពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ ឱ្យប្រើឈ្មោះអូឡាំពិក និងនិមិត្តសញ្ញារង្វង់ប្រាំផងដែរ។

លោក Shen Haixiong បានសង្កត់ធ្ងន់ថា ការបើកប៉ុស្តិ៍កីឡាអូឡាំពិកជាភាសាចិន គឺជាវិធានការដ៏សំខាន់មួយសម្រាប់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន អនុវត្តស្មារតីការណែនាំដ៏សំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងអាចជំរុញការអភិវឌ្ឍកីឡាអូឡាំពិក នៅក្នុងប្រទេសចិន។
តាមដំណឹងបានឱ្យដឹងថា ប៉ុស្តិ៍ទូរទស្សន៍នឹងដាក់ឈ្មោះ CCTV16 ហើយចាក់ផ្សាយ ២៤ម៉ោង លើ ២៤ម៉ោង តាមផ្កាយរណបតាមទម្រង់ភ្លឺច្បាស់ 4K៕