(ឡុងដ៍)៖ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca នាថ្ងៃចន្ទនេះបានឲ្យដឹងថា ថ្នាំសម្រាប់ចាក់បញ្ចូលអង់ទីករ ដែលខ្លួនកំពុងតែអភិវឌ្ឍ បានទទួលជោគជ័យក្នុងការ កាត់បន្ថយភាពធ្ងន់ធ្ងរ និងការស្លាប់ ក្នុងចំណោមអ្នកជំងឺ COVID-19 នៅក្នុងការសិក្សាដំណាក់កាលចុងក្រោយមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

ថ្នាំនោះមានឈ្មោះសម្គាល់ថា AZD7442 គឺជាការលាយផ្សំគ្នារវាងអង់ទីករពីរប្រភេទហៅថា ធីហ្សេជែវីម៉ាប (tixagevimab) និង ស៊ីលហ្កាវីម៉ាប (cilgavimab) បានមកពីអ្នកជំងឺ COVID-19 ដែលបានជាសះស្បើយ។

បើតាមក្រុមហ៊ុន AstraZeneca ឲ្យដឹងទៀតថា ក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយមួយ ថ្នាំ AZD7442 អាចជួយកាត់បន្ថយហានិភ័យ នៃការឈានទៅធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬក៏ស្លាប់ដោយសារ COVID-19 បានកម្រិត «៥០ភាគរយ» ក្នុងចំណោមអ្នកជំងឺ ដែលមានរោគសញ្ញាសម្រាប់រយៈពេល ៧ថ្ងៃចុះក្រោម។ លទ្ធផលនេះ គឺស្របតាមគោលដៅចង់បានចម្បង។ ម៉្យាងវិញទៀត ការការពាររបស់វា មានសុពលភាពលើសពី ៦ខែ។

គួរបញ្ជាក់ថា ក្រុមហ៊ុន AstraZeneca កំពុងអភិវឌ្ឍថ្នាំចាក់អង់ទីករបែបនេះ ដើម្បីផ្តល់ជាមធ្យោបាយការពារមួយ សម្រាប់អ្នកដែលមិនមានការឆ្លើយតប នៃប្រព័ន្ធភាពសុំារឹងមាំគ្រប់គ្រាន់ នៅក្រោយការចាក់វ៉ាក់សាំង COVID-19។ កាលពីសប្តាហ៍មុន AstraZeneca បានដាក់សំណើសុំការអនុម័តលក្ខណៈបន្ទាន់ ពីសំណាក់អាជ្ញាធរអាមេរិក សម្រាប់ការប្រើប្រាស់ថ្នាំ AZD7442 ជាថ្នាំបង្ការ COVID-19 បន្ទាប់ពីការធ្វើតេស្តទទួលបាន លទ្ធផលយ៉ាងវិជ្ជមានជាបន្តបន្ទាប់៕