(បរទេស)៖ កិច្ចសន្ទនា-ចរចារវាងមេបញ្ជាការកងទ័ពឥណ្ឌា និងចិន ដើម្បីរំសាយកងទ័ពចេញពីតំបន់ដែលមានការប៉ះទង្គិចគ្នា នៅតាមព្រំដែនរបស់មហាយក្សទាំងពីរនេះ បានបញ្ចប់ទៅដោយភាពជាប់គាំង និងបរាជ័យ ក្នុងការបន្ធូរបន្ថយការប្រឈមមុខដាក់គ្នារយៈពេល ១៧ខែ ដែលពេលខ្លះបាននាំឲ្យកើតមានការប៉ះទង្គិចគ្នានោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

ប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើលោកទាំងពីរនេះ នៅតែបន្តការប្រឈមមុខដាក់គ្នា នៅតាមតំបន់ព្រំដែន ឡាដាក (Ladakh) ចំពោះមុខការឈានចូលដល់រដូររងាខ្លាំងជាលើកទី ២ ទៅហើយ។ ការជាប់គាំងខាងលើនេះមានន័យថា កងទ័ពចិន និងឥណ្ឌា នឹងត្រូវបន្តឈរជើងនៅតំបន់នេះទៀត ចំពោះមុខអាកាសធាតុត្រជាក់ដល់កក។

គួរបញ្ជាក់ថា ក្រោយកិច្ចពិភាក្សា និងចរចាគ្នារវាងមេបញ្ជាការយោធា នៃប្រទេសទាំងពីរបរាជ័យ ភាគីទាំងពីរក៏បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួនផងដែរ។ សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិឥណ្ឌា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ភាគីឥណ្ឌាបានផ្តល់ «សំណូមពរក្នុងន័យស្ថាបនា» ប៉ុន្តែភាគីចិន «មិនយល់ព្រម» និង «មិនអាចផ្តល់នូវសំណើឆ្ពោះទៅមុខណាមួយឡើយ»

ដោយឡែកសម្រាប់សេចក្តីថ្លែងការណ៍ពីយោធាចិនវិញ ក៏បានឲ្យដឹងផងដែរថា «ភាគីឥណ្ឌាបានប្រកាន់ខ្ជាប់នូវ ការទាមទារមិនសមហេតុផល និងមិនប្រាកដនិយម ដោយបានបន្ថែមការលំបាកដល់ការចរចា»។ កិច្ចពិភាក្សារវាងភាគីទាំងពីរ បានកើតមានឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយមានរយៈពេល ២ខែបន្ទាប់ពីកិច្ចពិភាក្សាកាលពីលើកមុន៕