(វែលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះបានប្រកាសថា បុគ្គលិកថែទាំសុខភាព និងគ្រូបង្រៀនភាគច្រើន នៃប្រទេសនូវែលសេឡង់ នឹងតម្រូវឱ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាចាំបាច់ (កាតព្វកិច្ចចាក់វ៉ាក់សាំង) ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP។

កាតព្វកិច្ចចាក់វ៉ាក់សាំងនេះ មានន័យថា វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា និងបុគ្គលិកថែទាំសុខភាពជាច្រើនផ្សេងទៀត ត្រូវទទួលការចាក់វ៉ាក់សាំងឱ្យបានពេញលេញ (ចំនួន ០២ដូស) នៅត្រឹមខែធ្នូ ឆ្នាំ២០២១ ខណៈគ្រូបង្រៀន និងបុគ្គលិកអប់រំផ្សេងទៀតត្រូ វទទួលការចាក់វ៉ាក់សាំងឱ្យបានពេញលេញនៅត្រឹមខែមករា ឆ្នាំ២០២២ខាងមុខនេះ។

រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការឆ្លើយតបជំងឺ COVID-19 នៃប្រទេសនូវែលសេឡង់ លោក គ្រីស ហ៊ីបឃីនស៍ (Chris Hipkins) បាននិយាយថា «វាមិនមែនជាការសម្រេចចិត្តងាយស្រួលនោះទេ ប៉ុន្តែយើងត្រូវការមនុស្ស ដែលធ្វើការជាមួយសហគមន៍ងាយរងគ្រោះ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ត្រូវអនុវត្តវិធានការបន្ថែមនេះ»

ការសម្រេចនេះ បានកើតឡើងខណៈប្រទេសនូវែលសេឡង់ កំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Delta ដែលបានឆ្លងរីករាលដាលយ៉ាងខ្លាំង នៅក្នុងទីក្រុងដ៏ធំបំផុតរបស់ខ្លួន គឺទីក្រុងអកលែនដ៍ (Auckland)។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រហែល ៦៨ភាគរយនៃប្រជាជននូវែលសេឡង់ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ ខណៈ ៤៧ភាគរយទៀត បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕