(កាប៊ុល)៖ ក្រសួងការបរទេសនៃរដ្ឋាភិបាលតាលីបង់ នៅឯប្រទេសអាហ្វហ្កានីស្ថាន នាថ្ងៃចន្ទនេះបាននិយាយថា កិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក នឹងត្រូវរៀបចំឡើងបន្តទៀត ប្រសិនបើចាំបាច់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

ក្រសួងការបរទេសអាហ្វហ្កានីស្ថាន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កិច្ចសន្ទនារយៈពេល២ថ្ងៃ រវាងប្រតិភូរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាននិងសហរដ្ឋអាមេរិក បានប្រព្រឹត្តទៅយ៉ាងប្រសើរ។ បញ្ហានយោបាយត្រូវបានពិភាក្សាលម្អិត កំលុងជំនួបពិភាក្សានោះ ហើយការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងទីក្រុងដូហា ត្រូវបានអាហ្វហ្កានីស្ថានចាត់ទុកជា មធ្យោបាយដ៏ល្អបំផុត សម្រាប់ការដោះស្រាយបញ្ហានានា»។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ប្រតិភូតាលីបង់ដែលដឹកនាំដោយ រដ្ឋមន្រ្តីការបរទេសអាហ្វហ្កានីស្ថាន លោក អាមៀរ ខាន់ មូតាគី (Amir Khan Muttaqi) បានជួបជាមួយក្រុមមន្រ្តីអាមេរិក នៅឯទីក្រុងដូហានៃប្រទេសកាតា។ វាគឺជាជំនួបទល់មុខគ្នាលើកដំបូងរវាង ទីក្រុងវ៉ាស៉ីនតោននិងក្រុមតាលីបង់ គិតចាប់តាំងពីការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្កានីស្ថាន កាលពីចុងខែសីហា ឆ្នាំ២០២១៕