(វីយែន)៖ អធិការបតីអូទ្រីស លោក សេបាស្ទៀន ឃើស (Sebastian Kurz) បានលាលែងពីតំណែង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីសង្រ្គោះរដ្ឋាភិបាលចម្រុះរបស់លោក ឲ្យចេញផុតពីការដួលរលំ បន្ទាប់ពីរូបលោកបានស្ថិតក្រោម ការស៉ើបអង្កេតអំពើលុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១។

ការសម្រេចចិត្តដូចខាងលើរបស់លោក Kurz គឺដើម្បីបំពេញតាមការទាមទាររបស់គណបក្ស ដែលជាដៃគូនៃរដ្ឋាភិបាលចម្រុះរបស់លោក ហើយវាកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលសភាអូទ្រីសត្រូវបើកកិច្ចប្រជុំពិសេសមួយ ដើម្បីបោះឆ្នោតដកទំនុកចិត្តពីលោក Kurz ដែលនឹងបង្ខំឲ្យលោកត្រូវចុះចេញពីតំណែងដដែល។

ក្រុមរដ្ឋអាជ្ញាអូទ្រីសបានដាក់លោក Kurz និងមនុស្ស៩នាក់ទៀត ឲ្យស្ថិតក្រោមការស៉ើបអង្កេត ជុំវិញការសង្ស័យពីករណីរំលោភទំនុកចិត្ត ពុករលួយ និងស៉ីសំណូក ជាមួយកម្រិតនៃការជាប់ពាក់ព័ន្ធខុសៗគ្នា។ លោក Kurz បានបដិសេធថា លោកមិនបានប្រព្រឹត្តខុសអ្វីឡើយ។ សម្រាប់អ្នកដែលគួរឡើងជាអធិការបតីថ្មី គឺលោក Kurz បានប្រាប់ថា លោកនឹងស្នើឲ្យជ្រើសរើសរដ្ឋមន្រ្តីការបរទេស លោក អាឡិចសាន់ដឺ ឆាលែនបឺក (Alexander Schallenberg)។

គួរបញ្ជាក់ថា លោក Sebastian Kurz វ័យ៣៥ឆ្នាំ បានក្លាយមេដឹកនាំវ័យក្មេងបំផុតមួយរូបរបស់អឺរ៉ុប កាលពីឆ្នាំ២០១៧ នៅពេលដែល លោកបានបង្កើតរដ្ឋាភិបាលចម្រុះមួយ ប៉ុន្តែវាបានដួលរលំដោយសាររឿងអាស្រូវនៅឆ្នាំ២០១៩។ សភាអូទ្រីស បានដកតំណែងរបស់លោក ប៉ុន្តែលោកបានទទួលជ័យជម្នះជាថ្មី ក្នុងការបោះឆ្នោតមុនអាណត្តិ ដែលធ្វើឡើងក្រោយពេលនោះ៕