(វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកនឹងទទួលយកភ្ញៀវទេសចរអន្ដរជាតិឡើងវិញ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបានអនុម័តឱ្យប្រើប្រាស់ ដោយនិយតករអាមេរិក ឬអង្គការសុខភាពពិភពលោក (WHO)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។

អ្នកនាំពាក្យ CDC បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា «វ៉ាក់សាំងចំនួន ៦ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ដោយ រដ្ឋបាលចំណី និងឱសថអាមេរិក (FDA) ឬអង្គការសុខភាពពិភពលោក នឹងបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក»

អ្នកនាំពាក្យរូបនេះដដែលបន្ថែមទៀតថា «នៅដើមសប្តាហ៍នេះ ដើម្បីជួយរៀបចំប្រព័ន្ធរបស់ពួកគេ, យើងបានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍អំពី វ៉ាក់សាំងដែលនឹងត្រូវទទួលស្គាល់ ហើយនឹងចេញសេចក្តីណែនាំ និងព័ត៌មានបន្ថែមនៅពេលដែលតម្រូវការការធ្វើដំណើរត្រូវបានបញ្ចប់»

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅនេះ សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកនឹងដកវិធានការរឹតត្បិតការធ្វើដំណើរលើអ្នកដំណើរ តាមជើងហោះហើរមកពី ៣៣ប្រទេសរួមមានចិន ឥណ្ឌា ប្រេស៊ីល និងអ៊ឺរ៉ុបភាគច្រើនដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) រួចរាល់ ប៉ុន្តែមិនបានបញ្ជាក់ថា តើវ៉ាក់សាំងណាខ្លះដែលនឹងត្រូវទទួលយកនោះទេ៕