(កង់បេរ៉ា)៖ អគ្គរដ្ឋទូតបារាំងប្រចាំទីក្រុងកង់បេរ៉ា (Canberra) ប្រទេសអូស្រ្តាលី លោក ហ្សង់ ព្យែរ ថេបូល (Jean-Pierre Thebault) នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ បាននិយាយថាការអះអាងរបស់អូស្រ្តាលីថាខ្លួនមិនអាចប្រាប់បារាំងអំពីកិច្ចចរចាសម្ងាត់ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដើម្បីផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ គឺជាទង្វើកូនក្មេងមិនដឹងខ្យល់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

អូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកដែលមានតម្លៃជាង ៤០ពាន់លានដុល្លារជាមួយក្រុមហ៊ុនបារាំង ណាវ៉ាល់ គ្រុប (Naval Group) កាលពីខែមុន ដោយ ងាកមកចាប់យកកិច្ចព្រមព្រៀងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយ៉ាងហោចណាស់ ០៨គ្រឿងដែលសាងសង់ជាមួយបច្ចេកវិទ្យាអាមេរិក និងអង់គ្លេសជំនួសវិញ បន្ទាប់ពីបានបង្កើតសម្ព័ន្ធភាពយោធាត្រីភាគីជាមួយប្រទេសទាំងពីរ។ ការលុបចោលនេះ បានធ្វើឱ្យបារាំងមានការខឹងសម្បារយ៉ាងខ្លាំង ដោយបានចោទអូស្រ្តាលី និងអាមេរិកថាបានលួចចាក់ខ្លួនពីក្រោយខ្នង ដោយបើកកិច្ចចរចាដោយមិនបានប្រាប់ពួកគេជាមុន។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថាលោកបានលើកឡើងពីកង្វល់ជាមួយទីក្រុងប៉ារីសជុំវិញបញ្ហាលុបចោលកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនបារាំង Naval Group ប៉ុន្តែលោកមិនអាចបង្ហាញកិច្ចចរចារជាមួយសហរដ្ឋអាមេរិកទេ រហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រនោះត្រូវបានព្រមព្រៀងគ្នា។

ឆ្លើយតបទៅនឹងការលើកឡើងនេះដែរ លោក Jean-Pierre Thebault បានគូសបញ្ជាក់ប្រាប់វិទ្យុ ABC នៅថ្ងៃសុក្រនេះថា «អូស្រ្តាលីមានចរិកដូចក្មេង ដែលនិយាយថា វាមិនអាចទៅរួចទេក្នុងការទៅពិគ្រោះយោបល់ជាមួយបារាំង»។ លោកបន្ថែមថា «ប្រធានាធិបតីអាមេរិក លោក Joe Biden និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងថាបញ្ហានេះ គួរតែត្រូវបានដោះស្រាយឱ្យបានល្អប្រសើរ ដោយពួកគេបាននិយាយជាផ្លូវការថា អ្វីៗគួរតែត្រូវបានធ្វើឡើងដោយគួរតែមាន ការពិគ្រោះយោបល់គ្នា»