(ព្រុចសែល)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក សឹលលីវែន (Jake Sullivan) បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសចិន ត្រូវតែគ្រប់គ្រងលើការប្រកួតប្រជែងដ៏តានតឹងរបស់ខ្លួន កុំឱ្យក្លាយទៅជាការប្រឈមមុខដាក់គ្នា ឬក៏ផ្ទុះទៅជាសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

លោក Jake Sullivan បានធ្វើការកត់សម្គាល់ដូចខាងលើនេះ ប្រាប់អ្នកសារព័ត៌មាននៅឯទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ក្រោយការជួបប្រជុំជាមួយក្រុមមន្ត្រីអង្គការ NATO និងសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅព្រុចសែល) និងបន្ទាប់ពីលោកផ្ទាល់ បានជួបពិភាក្សាការងារជាមួយមន្ត្រីការទូតកំពូលរបស់ចិន លោក យ៉ាង ជីឈី (Yang Jiechi) នៅឯទីក្រុង ហ្សួរិច (Zurich) ប្រទេសស្វីស កាលពីថ្ងៃពុធកន្លងទៅនេះ។

បើតាមលោក Jake Sullivan ជំនួបរវាងលោក និងលោក Yang Jiechi គឺជាមធ្យោបាយមួយក្នុងការប្រឹងប្រែងបង្កើតបរិយាកាសមួយ ដែលអាចនាំឲ្យការប្រកួតប្រជែង ដ៏តានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន នៅតែអាចត្រូវបានគ្រប់គ្រង ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីបញ្ចៀសការប្រឈមមុខ ឬក៏ដល់ថ្នាក់ផ្ទុះសង្រ្គាមជាមួយគ្នានៅថ្ងៃអនាគត។

គួរបញ្ជាក់ថា នៅក្រោយជំនួបបិទទ្វារក្នុងទីក្រុង Zurich ក្រុមមន្ត្រីអាមេរិកបានអះអាងថា ពួកគេបានព្រមព្រៀងគ្នាជាមួយក្រុមមន្ត្រីចិន លើគោលការណ៍មួយចំនួនក្នុងការ រៀបចំជំនួបកំពូលតាមប្រព័ន្ធវីដេអូ រវាងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅមុនដំណាច់ឆ្នាំ២០២១នេះ៕