(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer រួចហើយ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១២០លានដូសបន្ថែមទៀតចាប់ពីខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

ប្រទេសជប៉ុនបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ ដោយប្រើប្រាស់វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Pfizer-BioNTech។ ប្រទេសនេះបានរៀបចំបញ្ជាទិញវ៉ាក់សាំងប្រហែល ១៩៤លានដូស តាំងតែពីឆ្នាំ២០២០ ដែលគ្រប់គ្រាន់សម្រាប់ចាក់ឲ្យមនុស្ស ៩៧លាននាក់។ រហូតមកទល់ពេលនេះ ប្រជាជនប្រមាណ ៦៣% នៅក្នុងប្រទេសជប៉ុន បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ។

ទោះជាយ៉ាងណា ប្រទេសជប៉ុនបាននិងកំពុងព្យាយាមធានាបាន នូវការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមទៀត សម្រាប់ផ្ដល់ការចាក់ដូសជំរុញ (ដូសទី ៣) ចំពេលមានការព្រួយបារម្ភថា ប្រសិទ្ធភាពនៃវ៉ាក់សាំងនឹងថយចុះទៅតាមពេលវេលា ឬប្រសិនបើមានវីរុសបំប្លែងខ្លួនថ្មីកើតឡើង។ គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ជប៉ុនមានអ្នកជំងឺ COVID-19 សរុបជាង ១,៧០០,០០០នាក់ ក្នុងនោះស្លាប់ ១៧,៨១៩នាក់ និងជាសះស្បើយវិញ ១.៦៧លាននាក់៕