(ប៉េកាំង)៖ «ការបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាង ចិននិងអាមេរិកគឺជានិន្នាការមិនអាចធ្វើផ្ទុយបាន»។ ថ្ងៃទី ៦ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Yang Jiechi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូត នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជួបពិភាក្សាជាមួយលោក Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុក កិច្ចការសន្តិសុខជាតិនៅក្រុង Zurich នៃប្រទេសស្វ៊ីស។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងចាត់ប្រតិបតិ្តការក្នុងន័យអនុវត្តស្មារតី នៃកិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ កាលពីថៃ្ងទី ១០ ខែកញ្ញាដើម្បីរួមគ្នាជំរុញទំនាក់ទំនងរវាងចិន និងអាមេរិកឱ្យវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ ពោលគឺមានការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងសិ្ថរភាព។

ប៉ុន្មានឆ្នាំកន្លងមក មូលហេតុដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកធ្លាក់ក្នុងភាពគាំងដំណើរ គឺ ដោយមកពីអាមេរិកបានធ្វើវិនិច្ឆ័យ ខុសឆ្គងយ៉ាងធ្ងន់ធ្ងរចំពោះប្រទេសចិន និងមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ ចំពោះទំនាក់ទំនងទ្វេភាគី។ ដូច្នេះ ភាគីទាំងពីរគួរតែបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្ត ជាពិសេស គឺអាមេរិកគួរតែផ្លាស់ប្តូរការយល់ដឹងខុសឆ្គងរបស់ខ្លួន ចំពោះប្រទេសចិន វាមានសារៈសំខាន់បំផុតក្នុងការជំរុញទំនាក់ទំនងរវាងចិន និងអាមេរិកឱ្យវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ។

ជាបឋម អាមេរិកគួរតែស្វែងយល់យ៉ាងជ្រាលជ្រៅ ចំពោះធាតុពិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ពោលគឺការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។ សូមយកសេដ្ឋកិច្ច និងពាណិជ្ជកម្មធ្វើជាឧទាហរណ៍ ទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាមេរិកបានកើនឡើងពីចំនួនមិនដល់ ២.៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ១៩៧៩ ទៅដល់ប្រមាណ ៦២៩.៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០។ នាពេលថ្មីៗកន្លងទៅនេះ សភាពាណិជ្ជកម្មអាមេរិកនៅចិនបានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវ ដោយបង្ហាញថា អត្រាមានសុទិដ្ឋិនិយមរបស់សហគ្រាសអាមេរិក ចំពោះការប្រកបអាជីវកម្មនៅប្រទេសចិន បានឡើងដល់កម្រិតមុនពេលផ្ទុះជំងឺកូវីដ១៩ វិញ ដែលបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។

ព្រមពេលជាមួយគ្នានេះ អាមេរិកក៏គួរតែប្រើក្រសែភ្នែកត្រឹមត្រូវ ទៅស្វែងយល់ពីគោលនយោបាយជាតិ និងអន្តរជាតិ ព្រមនិងគោលបំណងយុទ្ធសាស្ត្ររបស់ចិនផងដែរ។ ប្រទេសចិនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា មិនចង់បង្ករឿងហេតុ ឬជំនួសអាមេរិកនោះទេ តែគឺព្យាយាមធ្វើឱ្យមានភាពឆ្នើមជាងខ្លួនឯងឥតឈប់ឈរ។ ប្រទេសចិនមិនមានយុទ្ធសាស្រ្តធ្វើអនុត្តរភាពនោះទេ មានតែយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលមានគោលបំណង ធ្វើឱ្យប្រជាជនចិនមានជីវភាពរស់នៅកាន់តែល្អប្រសើរ។ អ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថា បញ្ហាប្រឈមធំបំផុតដែលអាមេរិក បាននិងកំពុងប្រឈមគឺមកពីផ្ទៃក្នុងជាប់រហូត។ អាមេរិកគួរតែផ្តោតសំខាន់ទៅលើការធ្វើការងាររបស់ខ្លួនឱ្យបានល្អ និងក្លាយជាប្រទេសមួយដែលមានភាពកាន់តែល្អប្រសើរ។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា អាមេរិកបានបង្ហាញឥរិយាបថយ៉ាងសកម្មក្នុងទំនាក់ទំនងចិន និងអាមេរិកនាពេលថ្មីៗកន្លងទៅនេះ យ៉ាងណាមិញ សន្យាពេញមាត់មិនស្មើនឹងអនុវត្តជាក់ស្តែង។ អាមេរិកគួរតែគោរពយ៉ាងប្រាកដប្រជា នូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន ហើយបញ្ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ដោយយកបញ្ហាពាក់ព័ន្ធដល់តៃវ៉ាន់ ហុងកុង ស៊ីនជាំង ស៊ីចាំង សមុទ្រចិនខាងត្បូង និងសិទ្ធិមនុស្សជាដើមធ្វើជាលេស។ នេះគឺជាបុរេលក្ខខណ្ឌសម្រាប់ជំរុញទំនាក់ទំនងរវាងចិន និងអាមេរិកឱ្យវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ។

ពីក្រុង Anchorage នៃអាមេរិកដល់ក្រុង Zurich នៃប្រទេសស្វ៊ីស ជាន់ខ្ពស់រវាងចិន និងអាមេរិកបានជួបសន្ទនាទល់មុខគ្នាពីរលើកនៅឆ្នាំនេះ ដែលបានបង្ហាញពីក្តីបំណងស្តីពីការរំពឹងទុកកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរបស់ពិភពលោក។ ប្រទេសចិន និងអាមេរិកមិនត្រឹមតែត្រូវរក្សាកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងជាញឹកញាប់ប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវពន្លឿនការអនុវត្តនូវគំនិតឯកភាពរួម ក្នុងកិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរផងដែរ ជាពិសេស គួរអាស្រ័យដោយអ្នកបង្ករឿងដោះស្រាយបញ្ហា ដូច្នេះអាមេរិកគួរតែធ្វើឱ្យពិភពលោក មើលឃើញយ៉ាងច្បាស់នូវសកម្មភាពជាក់ស្តែងរបស់ខ្លួន ក្នុងពេលឆាប់ៗ៕ (#CCFRComment#)