(តៃប៉ិ)៖ លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានថ្លែងនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់មិនចង់បានការប្រឈមមុខដាក់គ្នា ផ្នែកយោធានោះឡើយ ប៉ុន្តែតៃវ៉ាន់នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារសិទ្ធិសេរីភាពរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

កោះតៃវ៉ាន់ដែលត្រូវបានចាត់ទុក ត្រឹមតែជាខេត្តមួយរបស់ប្រទេសចិននោះ បានអះអាងថា ក្បួនយន្តហោះចម្បាំងចិនក្នុងទំហំធំបំផុតមិនធ្លាប់មាន បានចល័តចូលមកកាន់តំបន់ការពារដែនអាកាស ដែលត្រូវបានកំណត់ដោយតៃវ៉ាន់។ យោធាតៃវ៉ាន់បានអះអាងកាលពីដើមសប្តាហ៍នេះថា យន្តហោះចម្បាំងចិនជាច្រើនប្រភេទ សរុបរហូតដល់ទៅ ១៤៨គ្រឿង បានចល័តចូលមកក្នុងតំបន់ការពារដែនអាកាស ស្ថិតនៅភាគនិរតីកោះនេះ នៅក្នុងរយៈពេល ០៤ថ្ងៃជាប់ៗគ្នា គិតចាប់ពីថ្ងៃសុក្រសប្តាហ៍មុន។

ជុំវិញស្ថានការណ៍ដ៏រសើបបំផុត ដែលកោះតៃវ៉ាន់មិនធ្លាប់បានជួបប្រទះជាង ៤០ឆ្នាំមកនេះ លោកស្រី ត្សៃ អ៊ីងវិន បានលើកឡើងថា «តៃវ៉ាន់មិនចង់បានការប្រឈមមុខដាក់គ្នា ផ្នែកយោធានោះឡើយ... យើងសង្ឃឹមចង់បានសន្តិភាព, ស្ថិរភាព, ការរួមរស់ដែលអាចទុកចិត្តបាន និងផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមក ជាមួយនិងអ្នកជិតខាងទាំងអស់។ ប៉ុន្តែតៃវ៉ាន់ក៏នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារសេរីភាព និងរបៀបរស់នៅបែបប្រជាធិបតេយ្យរបស់ខ្លួន»

គួរបញ្ជាក់ថា ប្រទេសចិនក៏បានចេញមុខការពារទង្វើរបស់ខ្លួនផងដែរ ដោយទីក្រុងប៉េកាំងបានអះអាងច្បាស់ៗថា អ្វីៗដែលបានកើតមានឡើងថ្មីៗនេះ គឺជាសកម្មភាពដើម្បីការពារសន្តិសុខ និងអធិបតេយ្យភាព។ ប្រទេសចិនក៏បានស្តីបន្ទោសផងដែរ ចំពោះសហរដ្ឋអាមេរិក ដែលនៅតែបន្តលក់អាវុធដល់កោះតៃវ៉ាន់ ហើយវាគឺជាដើមហេតុដែលបង្កបញ្ហាគ្រប់យ៉ាង៕