(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសព័ត៌មាននៅថ្ងៃសុក្រនេះថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់ខ្លួនមួយគ្រឿងបានខូចខាត ក្រោយពីបានប៉ះទង្គិចជាមួយវត្ថុមិនស្គាល់ប្រភព នៅក្នុងសមុទ្រនៃតំបន់អាស៊ី ខណៈសារព័ត៌មានល្បីឈ្មោះមួយបានចុះផ្សាយថា គឺតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

បើតាមប្រភពផ្លូវការពីកងទ័ពជើងអាមេរិក នាវាមុជទឹកខាងលើនេះមានឈ្មោះថា យូអ៊ែសអ៊ែស ខុនណិចធីខឹត (USS Connecticut) ជាប្រភេទនាវាមុជទឹកប្រយុទ្ធល្បឿនលឿន ដើរដោយថាមពលនុយក្លេអ៊ែរ បានបុកជាមួយវត្ថុមិនស្គាល់ប្រភព ឬប្រភេទ ពេលវាបំពេញប្រតិបត្តិការនៅក្រោមសមុទ្រ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ នៅក្នុងដែនទឹកអន្តរជាតិនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ទីបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក មិនបានបញ្ជាក់ថា តើមានជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះដែរ ឬមួយក៏អត់នោះឡើយ ប៉ុន្តែបើតាមការផ្សាយរបស់សារព័ត៌មាន USNI News ដែលមានជំនាញខាងតាមដានព័ត៌មាន អំពីកងទ័ពជើងទឹកអាមេរិកបានឲ្យដឹងថា កងនាវិកប្រមាណជាង ១០នាក់បានរងរបួស។

សារព័ត៌មាន USNI News ថែមទាំងបានអះអាងទៀតថា នាវាមុជទឹក USS Connecticut បានធ្វើប្រតិបត្តិការក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីត្រួតពិនិត្យសកម្មភាពរបស់ចិន នៅតំបន់ដែនកោះដែលចិនកំពុងគ្រប់គ្រង។ ក្រោយហេតុការណ៍កើតឡើង យោធាអាមេរិកបានបញ្ជូន នាវាមុជទឹក-នុយក្លេអ៊ែរខាងលើនេះ ទៅកាន់មូលដ្ឋានរបស់វានៅកោះ ហ្គាំ (Guam) ខណៈការស៊ើបអង្កេតជុំវិញហេតុការណ៍នេះ កំពុងប្រព្រឹត្តទៅនៅឡើយ៕