(ហ្សឺណែវ)៖ អង្គសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅទីក្រុងហ្សឺណែវ) អំពីគំនិតផ្តួចផ្តើមថ្មីមួយ ក្នុងការជំរុញឲ្យប្រទេសនានាទូទាំងពិភពលោក ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនឲ្យបានយ៉ាងហោចណាស់ ៤០% នៅត្រឹមដំណាច់ឆ្នាំ២០២១ និង ៧០% នៅត្រឹមពាក់កណ្តាលឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានលើកឡើងក្នុងឱកាសនោះថា «ថ្ងៃនេះ, អង្គការសុខភាពពិភពលោក កំពុងដាក់ចេញយុទ្ធសាស្ត្រដើម្បីសម្រេចឲ្យបាននូវគោលដៅ ចាក់វ៉ាក់សាំងបង្ការ COVID-19 ជាសកលរហូតដល់ពាក់កណ្តាលឆ្នាំ២០២២។ យុទ្ធសាស្ត្រនេះបង្ហាញអំពីផ្លូវ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នា ដើម្បីសម្រេចបាននូវគោលដៅចាក់វ៉ាក់សាំង ៤០% នៃចំនួនប្រជាជននៅគ្រប់ប្រទេស នៅត្រឹមចុងឆ្នាំនេះ និង ៧០% នៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ»

បើតាម WHO គំនិតផ្តួចផ្តើមនៃការចាក់វ៉ាក់សាំងខាងលើនេះ គឺមានគោលដៅជំរុញការផ្គត់ផ្គង់់វ៉ាក់សាំង ទៅកាន់ប្រទេសក្រីក្រនានា ខណៈប្រទេសអភិវឌ្ឍភាគច្រើន សុទ្ធតែបានចាក់វ៉ាក់សាំងលើសពីកម្រិត ៤០% នៃចំនួនប្រជាជនពួកគេរួចទៅហើយ។ យ៉ាងណាក៏ដោយ លោក Tedros បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមលើកនេះ គឺត្រូវការឲ្យមានវ៉ាក់សាំងយ៉ាងហោចណាស់ ១១ពាន់លានដូស ហើយប្រាកដណាស់ បញ្ហាប្រាកដជាមិនមែនការផ្គត់ផ្គង់នោះឡើយ ប៉ុន្តែគឺទៅលើការបែងចែកទៅវិញ៕