(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Pfizer/BioNTech បានដាក់សំណើជាផ្លូវការទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារអាយុពី៥ ទៅ១១ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១។

សេចក្តីប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុនផលិតឪសថបានបញ្ជូនទិន្នន័យតេស្តសាកល្បងដំណាក់កាលទី ២/៣ នៃវ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារដែលមានអាយុពី៥ ទៅ១១ ឆ្នាំ ទៅឱ្យ FDA ។

និយតករ និងមន្រ្តីសុខាភិបាលសាធារណៈរបស់សហរដ្ឋអាមេរិក ឥឡូវនេះត្រូវបានគេរំពឹងថា នឹងពិនិត្យមើលភស្តុតាង និងពិគ្រោះយោបល់ជាមួយគណៈកម្មាធិការប្រឹក្សារ នៅក្នុងកិច្ចប្រជុំសាធារណៈ ដើម្បីកំណត់ថាតើ ការចាក់វ៉ាក់សាំងនេះលើកុមារតូច វាមានសុវត្ថិភាពនិងមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីណែនាំឱ្យប្រើដែរឬទេ?

គួរបញ្ជាក់ថា វ៉ាក់សាំង Pfizer បច្ចុប្បន្នត្រូវបានអនុម័តឲ្យប្រើប្រាស់សម្រាប់ក្រុមម្រាប់មនុស្សដែលមានអាយុចាប់ពី១២ ឆ្នាំឡើងទៅ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ប្រជាជនប្រមាណ ១០០ លាននាក់នៅសហរដ្ឋអាមេរិក បានទទួលវ៉ាក់សាំងនេះគ្រប់ចំនួន២ដូស៕