(ម៉ូស្គូ)៖ បេសកជនពិសេសរុស្ស៊ីទទួលបន្ទុកកិច្ចការអាហ្វហ្កានីស្ថាន លោក ហ្សាមៀរ កាប៊ូឡូវ (Zamir Kabulov) នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថាទីក្រុងម៉ូស្គូមានផែនការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំអន្តរជាតិមួយស្ដីពីប្រទេសអាហ្វហ្កានីស្ថាន នៅថ្ងៃទី២០ ខែតុលាខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោក Zamir Kabulov មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំអន្តរជាតិខាងលើ។ ទីក្រុងម៉ូស្គូ ក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ អន្តរជាតិស្ដីពីប្រទេសអាហ្វហ្កានីស្ថានផងដែរកាលពីខែមីនាកន្លងទៅ ជាពេលដែលរុស្ស៊ី, សហរដ្ឋអាមេរិក, ចិន និងប៉ាគីស្ថាន បានចេញសេចក្ដីរាយការណ៍រួមមួយ ដោយអំពាវនាវាឱ្យមានកិច្ចព្រមព្រៀងសន្តិភាព និងបញ្ឈប់អំពើហិង្សាជាបន្ទាន់។

ប៉ុន្តែ នៅទីបំផុត ក្រោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO ដកកងទ័ពចេញដើម្បីបិទបញ្ចប់សង្រ្គាម២០ឆ្នាំ ក្រុមតាលីបង់បានឡើងកាន់អំណាចជាថ្មីនៅ អាហ្វហ្កានីស្ថាន ហើយនេះត្រូវបានគេចាត់ទុកថាជាបរាជ័យដ៏ធំមួយរបស់សហរដ្ឋអាមេរិក និងលោកខាងលិច៕