(តេហេរ៉ង់)៖ រុស្ស៊ី និងអ៉ីរ៉ង់បានព្រមព្រៀងគ្នាថាកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស នឹងត្រូវចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗ នេះ តាមដែលអាចធ្វើទៅបាន។ នេះបើតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គៃ ឡារ៉ូវ (Sergei Lavrov) ធ្វើការកត់សម្គាល់ខាងលើ កំឡុងធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀរ អាប់ឌុលឡាហៀន (Hossein Amir Abdollahian) នៅឯទីក្រុងម៉ូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក ឡារ៉ូវ បន្ថែមទៀតថា រុស្ស៊ីប្រឆាំងជាដាច់ខាតនឹង ការប៉ុនប៉ងរបស់បណ្ដាប្រទេសមួយចំនួនដែលចង់យកសំណុំរឿងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដើម្បីបង្ខំឱ្យអ៉ីរ៉ង់ផ្ដល់សម្បទានណាមួយ ហើយពិភពលោកនៅតែទន្ទឹមរង់ចាំ សហរដ្ឋអាមេរិកត្រឡប់ចូលមកក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាថ្មី ព្រមទាំងដកទណ្ឌកម្មខុសច្បាប់ពីអ៉ីរ៉ង់។

គួរបញ្ជាក់ថា បើតាមលោក ស៊ែរហ្គៃ ឡារ៉ូវ, រុស្ស៊ី និងអ៉ីរ៉ង់បានឯកភាពគ្នាលើការរៀបចំជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ក៏ដូចជានឹងចាប់ផ្ដើមផលិតវ៉ាក់សាំង COVID-19 Sputnik V របស់រុស្ស៊ីនៅក្នុងប្រទេសអ៉ីរ៉ង់ នៅអនាគតដ៏ខ្លីខាងមុខនេះផងដែរ៕