(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨១,៤០៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៨៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៣,៩៤២,៣៣៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧០៩,១១៩នាក់ និងជាសះស្បើយឡើងសរុប ៣៣.៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

បណ្តារដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ក្នុងនោះដូចជាញូយ៉កជាដើម កំពុងតែប្រឈមមុខនឹងការប្រទាញប្រទង់គ្នា រវាងកាតព្វកិច្ចចាក់វ៉ាក់សាំង និងវិធានការទប់ស្កាត់មេរោគបំប្លែកខ្លួន Delta យ៉ាងតឹងរ៉ឹង។ បុគ្គលិកពេទ្យរដ្ឋមួយចំនួន នៅមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញនោះឡើយ ដែលជាហេតុបង្កការព្រួយបារម្ភថា ពួកគេនឹងត្រូវបង្គាប់សម្រាកការងារសិន នៅពេលដែលការអនុវត្ត កាតព្វកិច្ចចាក់វ៉ាក់សាំង ចូលជាធរមាន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៩០លានដូស ក្នុងនោះប្រជាជន ២១៣.៤៥លាននាក់ (៦៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៤.៦៧លាននាក់ (៥៦%) បានទទួលការចាក់គ្រប់ដូស៕