(អាតែន)៖ គ្រោះរញ្ជួយដីកម្រិត ៥.៨ នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារហោះ ក្រេត (Crete) របស់ប្រទេសក្រិក ដែលស្ថិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ នៅថ្ងៃចន្ទនេះ និងបានបង្កឲ្យអគារ ក៏ដូចជាលំនៅឋានមួយចំនួនរងការខូចខាតផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

បើតាមអាជ្ញាធរក្រិកនៅក្នុងតំបន់កើតហេតុខាងលើនេះ បានប្រាប់ឲ្យដឹងថា ប្រជាជនជាច្រើនបានចេញពីលំនៅឋាន និងអគាររបស់ពួកគេ មកកាន់ទីវាលនៅខាងក្រៅដើម្បីសុវត្ថិភាព នៅពេលគ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រនោះ កើតមានឡើងភ្លាមៗ។ យ៉ាងណាក៏ដោយ មនុស្សពីរនាក់ត្រូវបានគេអះអាងថា បានជាប់ខ្លួនក្នុងអគារបាក់បែក និងត្រូវបានអាជ្ញាធរជួយសង្គ្រោះផងដែរ។

គ្រោះរញ្ជួយដីខាងលើនេះមានចំណុចរំញ័រ ស្ថិតនៅចម្ងាយ ២៣គីឡូម៉ែត្រ ពីភាគពាយ័ព្យនៃភូមិទេសចរណ៍មាត់សមុទ្រ អាវី (Arvi) ដ៏ពេលនិយមនៅលើកោះ Crete។

គួរបញ្ជាក់ថា ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអឺរ៉ុប (EMSC) ពីដំបូងឡើយបានគណនាថា គ្រោះរញ្ជួយដីនៅកោះ Crete មានកម្រិតរហូតដល់ទៅ ៦.៥រ៉ិចទ័រឯណោះ ខណៈទីភ្នាក់ងារតាមដានភូមិសាស្ត្រអាមេរិក (USGS) វិញ បានកត់ត្រាក្នុងកម្រិត ៦.០ រ៉ិចទ័រ, ប៉ុន្តែសម្រាប់វិទ្យាស្ថានជីអូដាយណាមិចអាតែន (AGI) របស់ប្រទេសក្រិកផ្ទាល់បានអះអាងថា វាមានកម្រិត ៥.៨រ៉ិចទ័រ៕