(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៤,៣៤៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៥៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៣,៧៥០,៩៨៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧០៦,៣១៧នាក់ និងជាសះស្បើយឡើងសរុប ៣៣.១៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

បណ្តារដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ក្នុងនោះដូចជាញូយ៉កជាដើម កំពុងតែប្រឈមមុខនឹងការប្រទាញប្រទង់គ្នា រវាងកាតព្វកិច្ចចាក់វ៉ាក់សាំង និងវិធានការទប់ស្កាត់មេរោគបំប្លែកខ្លួន Delta យ៉ាងតឹងរ៉ឹង។ បុគ្គលិកពេទ្យរដ្ឋមួយចំនួន នៅមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញនោះឡើយ ដែលជាហេតុបង្កការព្រួយបារម្ភថា ពួកគេនឹងសម្រាកការងារសិន នៅពេលដែលការអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំង ចូលជាធរមាន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៨៩លានដូស ក្នុងនោះប្រជាជន ២១៣.១៧លាននាក់ (៦៤.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៣.៣៥លាននាក់ (៥៥.៩%) បានទទួលការចាក់គ្រប់ដូស៕