(ប៉េកាំង)៖ មហិច្ឆតារបស់ចិនលើការបំពេញតម្រូវការសម្រាប់ខ្លួនឯង នៅក្នុងវិស័យអាកាសចរណ៍ និងការកើនឡើងនៃអំណាចយោធារបស់ខ្លួន នឹងត្រូវបានបង្ហាញនៅក្នុង ពិព័រណ៍អាកាសចរណ៍ដ៏ធំបំផុតមួយ នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីត្រូវបានពន្យារពេលដោយសារ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ពិព័រណ៍អាកាសចរណ៍ខាងលើ នឹងត្រូវធ្វើឡើងនៅឯទីក្រុង ជូហៃ (Zhuhai) នៃខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន ក្រោយត្រូវបានពន្យារពេលមួយឆ្នាំ ដោយសារតែការឆ្លងរាតត្បាត COVID-19។ ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនផលិតយន្ដហោះចម្បាំងរបស់ចិន បានបង្កើនការអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីប្រជែងជាមួយក្រុមហ៊ុនធំៗរបស់លោកខាងលិច ដូចជា Airbus និង Boeing ជាដើម ខណៈចិនកំពុងពង្រឹងសមត្ថភាពនៃការពឹងលើខ្លួនឯង។

ការពង្រឹងសមត្ថភាពពឹងលើខ្លួនឯងរបស់ចិន គឺជាយុទ្ធសាស្ត្រមួយរបស់ថ្នាក់ដឹកនាំចិន ដែលមានមហិច្ឆតាធ្វើយ៉ាងណាកាត់បន្ថយ ការពឹងផ្អែករបស់ខ្លួនលើផលិតផលរបស់បរទេស ស្របពេលដែលខ្លួនកំពុងមានជម្លោះពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដែលបានផ្តល់មេរៀនអាក្រក់ជាច្រើនរួចមកហើយនោះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតយន្ដហោះចិនច្រើនជាង ១០០ បានចុះឈ្មោះចូលរួមក្នុងពិព័រណ៍អាកាសចរណ៍ខាងលើ ជាទីដែលគេរំពឹងថា ចិននឹងដាក់តាំងបង្ហាញពីយន្ដហោះចម្បាំងស៊េរីថ្មីរបស់ខ្លួន រួមទាំងបច្ចេកវិទ្យាអវកាសផងដែរ៕