(ប៊ែរឡាំង)៖ នៅថ្ងៃអាទិត្យនេះ ប្រជាជនអាល្លឺម៉ង់ កំពុងចូលរួមការបោះឆ្នោតសកលដើម្បីកំណត់រក អ្នកដែលនឹងត្រូវកាន់តំណែងជាអធិការបតីថ្មី ជំនួសលោកស្រី អាន់ជេឡា មឺគែល (Angela Merkel)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១។

នាព្រឹកថ្ងៃអាទិត្យនេះ (ពេលវេលានៅទីក្រុងប៊ែរឡាំង) មណ្ឌលបោះឆ្នោតនានា ត្រូវបានបើកទ្វារនៅទូទាំងប្រទេសអាល្លឺម៉ង់ ដោយមនុស្សសរុបជាង៦០លាននាក់ មានសិទ្ធិចូលរួមបោះឆ្នោត។ វាគឺជាការបោះឆ្នោតលើកទីមួយហើយ ក្នុងរយៈពេលជិត១៦ឆ្នាំមកនេះ ដែលមិនមានវត្តមាន លោកស្រី មឺគែល ដែលបានកាន់តំណែងជា អធិការបតីអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ២០០៥។ លោកស្រី មឺគែល បានប្រកាសជាលើកដំបូង អំពីការមិនចូលរួមឈរឈ្មោះជាអធិការបតី កាលពីឆ្នាំ២០១៨។

គួរបញ្ជាក់ថា ភាគីធំៗពីរ ក្នុងការបោះឆ្នោតនេះ គឺសម្ព័ន្ធគណបក្ស Union របស់លោកស្រី មឺគែល ដែលបច្ចុប្បន្នមានលោក អាមីន ឡាឆិត (Armin Laschet) ជាបេក្ខភាពសម្រាប់តំណែងអធិការបតី ហើយនិងគណបក្ស SPD ដែលដឹកនាំដោយលោក អូឡាហ្វ ឆុល ( Olaf Scholz) ។ យោងតាមការស្ទង់មតិក្រៅផ្លូវការ មុនការបោះឆ្នោត គឺវាមិនច្បាស់នោះទេថា ជ័យជម្នះនឹងបានទៅខាងណា៕