(អ៉ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក រ៉េសិប តាយីព អឺដូហ្កាន់ (Recep Tayyip Erdogan) ក្នុងសប្តាហ៍នេះ បានបង្ហើបឲ្យដឹងថា លោកនឹងពិចារណាលើការទិញប្រព័ន្ធមីស៉ីលរុស្ស៉ីបន្ថែមទៀត ទោះមានការជំទាស់យ៉ាងដាច់អហង្ការពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងខ្លឹមសារបទសម្ភាសន៍មួយ ជាមួយស្ថានីយទូរទស្សន៍ព័ត៌មានអាមេរិក CBS News ដែលត្រូវចាក់ផ្សាយនៅថ្ងៃអាទិត្យនេះ លោក អឺដូហ្កាន់ បាននិយាយថា តួកគីនឹងត្រូវតែជាអ្នកសម្រេចចិត្តលើ ការជ្រើសរើសប្រព័ន្ធការពារមីស៉ីលដោយខ្លួនឯង។ ពាក់ព័ន្ធនឹងរឿងនេះ នៅពេលត្រូវបានសួរថា តើតួកគីអាចនឹងទិញប្រព័ន្ធមីស៉ីលរុស្ស៉ី S-400 បន្ថែមទៀតដែរឬអត់ លោកប្រធានាធិបតីតួកគី បានឆ្លើយតបដូច្នេះថា «ប្រាកដណាស់»។

គួរបញ្ជាក់ថា តួកគីដែលជាសមាជិកមួយ នៅក្នងអង្គការ NATO ផងដែរនោះ ត្រូវបានអាមេរិកដកចេញ ពីកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំង F-35 ហើយក្រុមមន្រ្តីការពារជាតិតួកគី ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ ក្រោយការទិញប្រព័ន្ធ S-400 ពីប្រទេសរុស្ស៉ី នាពេលកន្លងមក។ ទីក្រុងវ៉ាស៉ីនតោន មានការជំទាស់ខ្លាំងចំពោះ ការប្រើប្រាស់សព្វាវុធរុស្ស៉ី នៅក្នុងអង្គការ NATO និងថាវាបង្កការគំរាមកំហែងដល់ យន្តហោះចម្បាំង F-35។ ប៉ុន្តែតួកគីអះអាងថា ប្រព័ន្ធ S-400 អាចប្រើដាច់ដោយឡែក ពីប្រព័ន្ធរបស់ NATO ដូច្នេះហើយ វាមិនបង្កការគំរាមកំហែងអ្វីឡើយ។

បញ្ហាខាងលើនេះ ស្ថិតក្នុងចំណោមបញ្ហារសើបៗមួយចំនួន នៃទំនាក់ទំនងតួកគី-អាមេរិក ដែលរួមមានទាំង ការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះក្រុមសកម្មប្រយុទ្ធឃើដនៅស៉ីរី ដែលតួកគីចាត់ទុកជាក្រុមភេរវករ ហើយនិងការជ្រកកោននៃបុព្វជិតតួកគីម្នាក់ នៅសហរដ្ឋអាមេរិក ដែលរងការចោទប្រកាន់ពី បទរៀបចំគម្រោងរដ្ឋប្រហារបរាជ័យ ប្រឆាំងរដ្ឋាភិបាលលោក អឺដូហ្កាន់ កាលពីឆ្នាំ២០១៦៕