(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃសៅរ៍នេះ បានសន្យាថា ប្រទេសលោកនឹងបង្កើនទ្វេដង នូវចំនួនវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបរិច្ចាគទៅកាន់ប្រទេសក្រីក្រ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១។

លោក ម៉ាក្រុង បានថ្លែងយ៉ាងដូច្នេះថា «បារាំងសន្យាបង្កើនចំនួនវ៉ាក់សាំង COVID-19 ដែលខ្លួនបរិច្ចាគទ្វេដង ដើម្បីជួយតំបន់ដទៃទៀត ពន្លឿនការចាក់វ៉ាក់សាំង។ ដូច្នេះហើយគឺយើងនឹងបង្កើនការបរិច្ចាគពី៦០លានដូស ទៅដល់១២០លានដូសតែម្តង»។ បើតាមលោក ម៉ាក្រុង ចំនួននេះគឺច្រើនជាងចំនួនវ៉ាក់សាំង ដែលត្រូវបានចាក់នៅក្នុងប្រទេសបារាំងផ្ទាល់ទៅទៀត គិតត្រឹមពេលនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកក៏បានប្រកាសបង្កើន ការបរិច្ចាគវ៉ាក់សាំងទ្វេដងផងដែរ គឺដល់១ពាន់លានដូស។ ចំណែកសហភាពអឺរ៉ុបកន្លងមក បានប្តេជ្ញាបរិច្ចាគវ៉ាក់សាំងចំនួន៥០០លានដូស។ រីឯកាលពីថ្ងៃអង្គារសប្តាហ៍នេះវិញ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានសន្យាថា ចិននឹងចែកចាយវ៉ាក់សាំងសរុប២ពាន់លានដូស ទៅកាន់ពិភពលោក គិតត្រឹមចុងឆ្នាំនេះ ទាំងតាមរយៈការលក់ និងបរិច្ចាគ៕