(អ៉ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៉ីមរ៉ន ខាន់ (Imran Khan) នៅថ្ងៃសៅរ៍នេះ បានជំរុញឱ្យមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ប្រមូលផ្តុំសហគមន៍អន្តរជាតិ ដើម្បីពង្រីកជំនួយហិរញ្ញវត្ថុដល់អាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលមានវិបត្តិនាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១។

លោក Imran Khan បានថ្លែងនៅក្នុងសុន្ទរកថាតាមរយៈវីដេអូមួយទៅកាន់សម័យប្រជុំលើកទី៧៦ នៃ UNGA ថាពិភពលោកមិនត្រូវខ្ជះខ្ជាយពេលវេលាឡើយ ហើយប្រសិនបើជំនួយមនុស្សធម៌ភ្លាមៗ មិនត្រូវបានផ្តល់ដល់អាហ្វហ្គានីស្ថានទេនោះ វាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ពិភពលោក។

សេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ (UN) ក៏បាននិយាយថា «ប្រសិនបើយើងធ្វេសប្រហែសចំពោះបញ្ហានៅអាហ្វហ្កានីស្ថាន នាពេលឥឡូវនេះ ប្រជាជនអាហ្វហ្កានីស្ថានប្រហែលពាក់កណ្តាល គឺងាយរងគ្រោះរួចទៅហើយ... ហើយនៅឆ្នាំក្រោយ ប្រជាជនអាហ្វហ្កានីស្ថានស្ទើរតែ ៩០ភាគរយ នឹងស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្រ ហើយវិបត្តិមនុស្សធម៌ដ៏ធំមួយ នឹងកើតឡើងនៅនាពេលខាងមុខនេះ។ បញ្ហានេះ នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ មិនត្រឹមតែចំពោះប្រទេសជិតខាងអាហ្វហ្គានីស្ថានប៉ុណ្ណោះទេ ប៉ុន្តែនៅគ្រប់ទីកន្លែងផងដែរ»។

លោក Imran Khan បានបន្ថែមថា «ការព្យាយាមបង្ខំឱ្យមានដំណោះស្រាយផ្នែកយោធា គឺជាកំហុសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក» ហើយប្រសិនបើ អាហ្វហ្កានីស្ថាន មិនត្រូវបានគាំទ្រដោយសហគមន៍អន្តរជាតិទេនោះ វានឹងក្លាយជាទីជម្រកសុវត្ថិភាពរបស់ភេរវករអន្តរជាតិ។

គួរបញ្ជាក់ថា ដោយនិយាយអំពីឥទ្ធិពលនៃសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអំពើភេរវកម្មនៅប្រទេសប៉ាគីស្ថាន លោក Imran Khan បានសង្កត់ធ្ងន់ថា «ប្រទេសរបស់យើង បានរងគ្រោះខ្លាំងជាងគេនៅក្នុងសង្គ្រាម។ ប្រជាជនប៉ាគីស្ថានប្រហែល ៨ម៉ឺននាក់បានស្លាប់, ទឹកប្រាក់ប្រហែល ១៥០ពាន់លានដុល្លារ អាមេរិកត្រូវបានខាតបង់ចំពោះសេដ្ឋកិច្ចរបស់យើង ហើយប្រជាជនប៉ាគីស្ថានប្រហែល ៣.៥លាននាក់ត្រូវបានផ្លាស់ទីលំនៅ»៕