(ឡូសអាន់ជែលែស)៖ ក្រុមពន្លត់អគ្គិភ័យជាង ១,៦០០នាក់ កំពុងតែព្យាយាមទប់់ទល់ ភ្លើងឆេះព្រៃថ្មីមួយទៀត ដែលកំពុងមានសន្ទុះយ៉ាងខ្លាំងក្លានៅរដ្ឋកាលីហ្វ័រញ៉ា ភាគនិរតីនៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១។

ភ្លើងឆេះព្រៃដែលត្រូវបានដាក់ឈ្មោះឲ្យថា ហ្វន ហ្វាយអឺ (Fawn Fire) ខាងលើនេះ គឺកំពុងកើតឡើងនៅតំបន់ភាគខាងរដ្ឋកាលីហ្វ័រញ៉ា ហើយក្រុមពន្លត់អគ្គិភ័យ ១,៦៦៣នាក់ ត្រូវបានបញ្ជាឲ្យទៅទប់ទល់ នៅយប់ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅកាលីហ្វ័រញ៉ា) ខណៈវាបានលេបត្របាក់ផ្ទៃដីអស់ ២៧.៥គីឡូម៉ែត្រក្រឡារួចទៅហើយ។

បើតាមអាជ្ញាធរទីក្រុង រ៉េដឌីង (Redding) ដែលកំពុងប្រឈមមុខនឹង Fawn Fire សំណង់នានាសរុបចំនួន ២៥ខ្នងហើយ ត្រូវបានអគ្គីភ័យមួយនេះលេបត្របាក់ ខណៈ ៩,០០០ខ្នងទៀត កំពុងប្រឈមមុខការគំរាមកំហែង។ គិតមកទល់នឹងពេលនេះ ការគ្រប់គ្រងភ្លើងឆេះព្រៃ Fawn Fire ទើបតែសម្រេចបាន ១០% ប៉ុណ្ណោះ។

គួរបញ្ជាក់ថា អាជ្ញាធរនៅក្នុងសង្កាត់ ហ្សាស្ថា (Shasta) នៃទីក្រុង Redding បានបង្គាប់ឲ្យមនុស្ស ៤,០០០នាក់ ជម្លៀសចេញទៅរកទីកន្លែងមានសុវត្ថិភាព។ Fawn Fire បានកើតមានឡើង បន្ទាប់ភ្លើងឆេះព្រៃដ៏ំធំមហិមាមួយទៀតគឺ ឌីស៊ី (Dixie Fire) ដែលបានឆាបឆេះតាំងតែថ្ងៃទី១៣ ខែកក្កដា ទើបតែត្រូវបានពន្លត់ ៩៤%។ ដោយឡែកសម្រាប់ភ្លើងឆេះព្រៃ ដែលបាននិងកំពុងកើតឡើង នៅតំបន់ឧទ្យានជាតិនៃភាគកណ្តាលរដ្ឋកាលីហ្វ័រញ៉ា និងលេបត្របាក់ផ្ទៃដីព្រៃឈើជាង ១៦២គីឡូម៉ែត្រក្រឡារួចទៅហើយនោះ គឺមិនទាន់ត្រូវបានគ្រប់គ្រងនោះឡើយ៕