(សេអ៊ូល)៖ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៤៣៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈប្រទេសនេះកំពុងតស៊ូប្រយុទ្ធនឹងរលកទី៤ នៃការឆ្លងរីករាលដាលជំងឺនេះដែល

បានចាប់ផ្តើមផ្ទុះឡើងកាលពីដើមខែកក្កដាកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ខណៈជំងឺ COVID-19 នៅតែបន្តឆ្លងរីករាលដាលឥតឈប់ឈរ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងរៀបចំផែនការរបៀបរស់នៅធម្មតាជាមួយជំងឺឆ្លងដ៏កាចសាហាវនេះដោយរំពឹងថា ប្រជាជនពេញវ័យប្រហែល ៨០ភាគរយរបស់ខ្លួននឹងត្រូវបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) នៅត្រឹមចុងខែតុលាខាងមុខនេះ។ យុទ្ធសាស្ត្រនេះ នឹងត្រូវអនុវត្តជាដំណាក់កាល ដើម្បីបន្ធូរបន្ថយវិធានការរឹតត្បឹតបន្តិចម្តងៗ ខណៈការពាក់ម៉ាសនៅតែត្រូវបានទាមទារឱ្យអនុវត្តយ៉ាងហោចណាស់ក្នុងដំណាក់កាលដំបូង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន (Moon Jae-in) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ទោះបីជាយុទ្ធសាស្ត្រនេះនឹងមិនមានការដកចេញនូវវិធានការរឹតត្បឹត ទាំងអស់ភ្លាមៗក៏ដោយ ប៉ុន្តែប្រទេសកូរ៉េខាងត្បូង នាពេលឥឡូវនេះ បានស្ថិតក្នុងស្ថានភាពងាយស្រួលជាងមុនហើយសម្រាប់ការផ្លាស់ប្តូរនេះ។

កូរ៉េខាងត្បូង នឹងនៅតែស្ថិតក្រោមការវិធានការរក្សាគម្លាតសុវត្ថិភាពសង្គមដដែលរហូតដល់ថ្ងៃទី០៣ ខែតុលាខាងមុខនេះដែលរួមមានការកំណត់ម៉ោងធ្វើការសម្រាប់ ហាងកាហ្វេ និងភោជនីយដ្ឋាននានា និងការកំណត់ចំនួនមនុស្សដែលត្រូវបានអនុញ្ញាតឱ្យជួបជុំគ្នាត្រឹមតែ ០២នាក់ប៉ុណ្ណោះ បន្ទាប់ពីម៉ោង ០៦៖០០នាទីល្ងាចទៅនៅទីក្រុងសេអ៊ូល (Seoul)។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ២៩៥,១៣២ករណី ក្នុងនោះមានអ្នកស្លាប់ ២,៤៣៤នាក់ និងអ្នកជាសះស្បើយ ២៦៤,៤៩២នាក់ ខណៈប្រហែល ៧២.៣ភាគរយនៃប្រជាជនសរុប ៥២លាននាក់របស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ និង ៤៤ភាគរយទៀត ក៏បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយផងដែរ៕