(កាប៊ុល)៖ សកម្មជនសិទ្ធិមនុស្សអាហ្វហ្គានីស្ថាន ឈានមុខគេម្នាក់បាននិយាយថា ពួកតាលីបង់នឹងមិនមានជម្រើសអ្វីក្រៅពីបត់បែន ទៅតាមការទាមទាររបស់ស្ត្រីអាហ្វហ្គានីស្ថានឡើយ ប្រសិនបើពួកគេចង់គេចផុតពីការដួលរលំផ្នែកសេដ្ឋកិច្ច និងភាពឯកោផ្នែកការទូត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រី ម៉ាហ៍បួបា ស៊ែរ៉ាច (Mahbouba Seraj) អាយុ ៧៣ឆ្នាំ ដែលបានសម្រេចចិត្តមិនរត់គេចចេញពីផ្ទះរបស់លោកស្រី ដែលស្ថិតនៅទីក្រុងកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថានកាលពីខែមុន បាននិយាយថា «រឿងនេះកំពុងក្លាយជាសុបិន្តដ៏អាក្រក់សម្រាប់មនុស្សគ្រប់គ្នា»

អាជ្ញាធរតាលីបង់បានដកហូតនូវ សិទ្ធិសេរីភាពស្រ្តីអាហ្វហ្គានីស្ថានជាបន្តបន្ទាប់ ដោយប្រាប់ស្ត្រីដែលធ្លាប់តែធ្វើការ ឱ្យស្នាក់នៅផ្ទះ និងមិនឱ្យបង្ហាញមុខ នៅក្នុងជួររដ្ឋាភិបាលឡើយ។ ពួកគេបានអះអាងថា វាគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែមនុស្សជាច្រើនមានការមិនទុកចិត្ត និងកំពុងទទួលស្គាល់ថា វានឹងកើតឡើងវិញម្ដងទៀតដូចប្រវត្តិសាស្ត្រ។

លោកស្រី Mahbouba Seraj បាននិយាយបន្ថែមថា «កាលពីលើកដំបូង ក៏ពួកតាលីបង់បានប្រើលេសដូចគ្នាដែរ ដោយពួកគេបាននិយាយថា៖ សូមរង់ចាំសិន យើងនឹងដោះស្រាយជូនអ្នក។ ប៉ុន្តែយើងបានរង់ចាំអស់រយៈពេល ០៦ឆ្នាំមកហើយ វាមិនដែលកើតមានឡើងឡើយ។ ដូច្នេះ គ្មានការទុកចិត្ត (ចំពោះតាលីបង់) ក្នុងចំណោមស្ត្រីអាហ្វហ្គានីស្ថាននោះឡើយ»

លោកស្រី Mahbouba Seraj បានសង្កត់ធ្ងន់ថា «ស្ត្រីជាច្រើន មានការភ័យខ្លាចយ៉ាងខ្លាំងក្នុងការចាកចេញពីផ្ទះរបស់ពួកគេ និងក្នុងការប្រឈមមុខនឹងការយាយីរបស់ក្រុមតាលីបង់»

ទោះយ៉ាងណា លោកស្រី Mahbouba Seraj បានទទួលស្គាល់ថា «ប្រាកដណាស់ដែលពួកតាលីបង់នឹងត្រូវបង្ខំចិត្តកែប្រែ ប្រសិនបើពួកគេចង់បន្តកាន់អំណាច ព្រោះវាមិនមែនប្រទេសអាហ្វហ្គានីស្ថាន ដូចកាលពីទសវត្សរ៍ទី ៩០ ទៀតទេ... ប្រទេសអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ននេះ គឺខុសគ្នា។ ខ្ញុំពិតជាជឿថា ការផ្លាស់ប្តូរនឹងកើតឡើង។ គ្មានផ្លូវផ្សេងទេ... ក្រុមក្រុមតាលីបង់គួរតែយល់ដឹងអំពីវា»