(ប៉េកាំង)៖ «ប្រជាធិបតេយ្យមិនមែនជាប៉ាតង់ របស់ប្រទេសណាមួយនោះទេ តែគឺជាសិទ្ធិរបស់ប្រជាជន នៃបណ្តាប្រទេសនានាហ្នឹងឯង»។ ពេលចូលរួមការជជែកដេញដោលទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២១ ខែកញ្ញា ពាក្យសំដីដូចពោលខាងលើរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងសុន្ទរកថាគន្លឹះ ធ្វើឱ្យមនុស្សគិតពិចារណាយ៉ាងជ្រាលជ្រៅ ។ កាលពីថ្ងៃទី ២២ ខែកញ្ញា អំឡុងពេលថែ្លងសុន្ទរកថាក្នុងមជ្ឈមណ្ឌល Carter និងមូលនិធិ George·H·W·Bush អំពីទំនាក់ទំនងរវាងអាមេរិក និងចិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានអធិប្បាយយ៉ាងលម្អិតអំពីបញ្ហាថា តើអ្វីជាប្រជាធិបតេយ្យបែបចិន។

នៅប្រទេសចិន ប្រជាជនគឺជាទស្សនៈគន្លឹះនៃប្រជាធិបតេយ្យបែបចិន មិនថាការបោះឆ្នោតជ្រើសរើសឬអនុវត្ត របបគណបក្សនយោបាយយ៉ាងណាក៏ដោយ ក៏សុទ្ធតែដើម្បីជ្រើសរើសបាននូវមនុស្សសមរម្យ ក្នុងន័យអភិបាលកិច្ចជាតិឱ្យបានល្អ និងស្វែងរកសុខសុភមង្គល និងផលប្រយោជន៍ជូនចំពោះប្រជាជន។ នេះគឺជាប្រជាធិបតេយ្យបែបចិន ដែលប្រជាជនទាំងមូលចូលរួមប្រឹក្សាកិច្ចការនយោបាយ ពោលគឺ រាល់សេចកី្តសម្រេចចិត្តផ្នែកនីតិប្បញ្ញតិ្តសំខាន់ៗ សុទ្ធតែត្រូវបានបង្កើតឡើងតាមរបៀបវារៈ និងតាមរយៈការពិគ្រោះពិភាក្សាបែបប្រជាធិបតេយ្យ ការធ្វើសេចក្តីសម្រេចចិត្ត ប្រកបដោយវិទ្យាសាស្ត្រ និងប្រជាធិបតេយ្យ។ អ្នកផងទាំងពួងមិនពិបាកយល់ឃើញថា តើហេតុអ្វីបានជាការស្ទង់ប្រជាមតិរបស់វិទ្យាស្ថាន John F. Kennedy នៃសកលវិទ្យាល័យហាវ៉ាដនៃអាមេរិក ដែលបានធ្វើឡើងក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នាបានបង្ហាញថា អត្រាពេញចិត្តរបស់ប្រជាជនចិន ចំពោះការកាន់អំណាចរបស់បក្សកុម្មុយនិស្តចិន បានលើសពី ៩០ ភាគរយជារៀងរាល់ឆ្នាំ។

ការពិតជាក់ស្តែងបានបញ្ជាក់ថា ពីការដែលប្រជាជនចិនចំនួន ១,៤០០លាននាក់បានបម្រះខ្លួន ចេញផុតពីភាពក្រីក្រដាច់ខាត ដល់ប្រទេសចិនគ្រប់គ្រងបាននូវការរីករាលដាល នៃជំងឺកូវីដ ១៩ មុនគេបង្អស់នៅទូទាំងពិភពលោក រហូតដល់អត្រារួមចំណែករបស់ចិន ចំពោះកំណើនសេដ្ឋកិច្ចសកលបានលើសពី ៣០ ភាគរយក្នុងរយៈជាច្រើនឆ្នាំកន្លងមក វាអាចមើលឃើញយ៉ាងច្បាស់ថា ប្រសិទ្ធភាពអភិបាលកិច្ចនៃប្រជាធិបតេយ្យបែបចិន បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប៉ុន្តែបើងាកមកមើលសហរដ្ឋអាមេរិកវិញ ទោះបីជាប្រឈមនឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏បក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋ នៅតែបដិបក្ខគ្នាដដែល ដែលបានរារាំងដល់ការចែកចាយដោយស្មើគ្នា នូវសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៅរដ្ឋនានានៃអាមេរិក បណ្តាលឱ្យសេចកី្តព្រាងច្បាប់ជាតិស្តីពីការជួយសម្រាលភាពលំបាក មិនអាចដាក់ចេញក្នុងរយៈពេលវែង។ លើសពីនេះទៅទៀត យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ ចំពោះគោលនយោបាយអាមេរិកជិត ២០០០ផ្នែករបស់សកលវិទ្យាល័យ Princeton និងសកលវិទ្យាល័យ Northwestern នៃអាមេរិកនៅឆ្នាំ ២០១៤ បានបង្ហាញថា គោលនយោបាយទាំងនេះ ស្ទើរតែទាំងអស់សុទ្ធតែបានគ្រោងដោយក្រុមអ្នកមាន ព្រមទាំងក្រុមទទួលបានផលប្រយោជន៍ ដែលតំណាងឱ្យសហគ្រាសធំៗ រីឯប្រជាពលរដ្ឋសាមញ្ញគ្មានឥទ្ធិពល ចំពោះការធ្វើការសម្រេចចិត្តទាល់តែសោះ។

តើ «ប្រជាធិបតេយ្យដែលលេងល្បែងនយោបាយ» និង «ប្រជាធិបតេយ្យលុយកាក់» បែបនេះអាចប្រែក្លាយជា ប្រសិទ្ធភាពអភិបាលកិច្ចយ៉ាងណា? ពីវិមានរដ្ឋសភាអាមេរិកត្រូវរងការវាយប្រហារ ដោយសារលទ្ធផលនៃការបោះឆ្នោតសកល ដល់ករណីស្លាប់ដែលបណ្តាលមកពីជំងឺឆ្លងនៅអាមេរិក បានលើសពីករណីស្លាប់ក្នុងដំណាក់កាលនៃ «ជំងឺផ្តាសាយធំអេស្បាញ» រហូតដល់អ្នកមាននៃអាមេរិក ឆក់យកផលប្រយោជន៍ដោយឆ្លៀតវិបត្តិ និងបង្កើនគម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាន និងអ្នកក្រ ភាពបរាជ័យក្នុងអភិបាលកិច្ចជាតិ ធ្វើឱ្យកេរ្តិ៍ឈ្មោះស្តីពី «ប៉មនៃប្រជាធិបតេយ្យ» របស់ខ្លួនត្រូវបង្ខូចយ៉ាងខ្លាំង។ រីឯ «ប្រជាធិបតេយ្យបែបអាមេរិក» ដែលជាទស្សនៈតម្លៃ ដែលត្រូវលោកខាងលិចទទួលស្គាល់ជាទូទៅ និងត្រូវឃោសនា និងវេចខ្ចប់យ៉ាងប្រណិត ក៏ត្រូវបានលាតត្រដាងនូវមុខម៉ាត់ពិតប្រាកដ ដែលប្រកដោយភាពលាក់ពុត និងមានស្តង់ដារពីរ។

ដូចនេះ ពិភពលោកក៏បានឃើញច្បាស់ថា អ្វីដែលពួកគេហៅថា «ប្រជាធិបតេយ្យបែបអាមេរិក» គ្រាន់តែជាល្បែងនយោបាយ របស់មនុស្សមួយចំនួនតូចប៉ុណ្ណោះ៕