(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បានបង្ហាញការជឿជាក់ថា ពិភពលោកកំពុងរួបរួមគ្នា ក្នុងការដោះស្រាយបញ្ហាជាមួយក្រុមតាលីបង់ បន្ទាប់ពីលោកបានជួបពិភាក្សាគ្នា ជាមួយសមភាគី ប៉ាគីស្ថាន ចិន និងរុស្ស៉ី ដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលថ្មី របស់ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។

លោក Antony Blinken បានជួបពិភាក្សាគ្នានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅញូយ៉ក) នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ជាមួយសមភាគីរបស់លោកមកពីប្រទេសប៉ាគីស្ថាន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុមតាលីបង់ និងបានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រី នៃសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ០៤រូបផ្សេងទៀត ដែលរួមមាន ចិន និងរុស្ស៊ីផងដែរ កាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះ។

លោក Antony Blinken បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំគិតថា នឹងមានការរួបរួមគ្នាយ៉ាងខ្លាំង ដើម្បីរកវិធីសាស្រ្តដោះស្រាយ និងសម្រេចគោលបំណងរួម ដែលប្រកបដោយសន្តិភាព និងស្ថិរភាព។ ក្រុមតាលីបង់បាននិយាយថា ពួកគេស្វែងរកភាពស្របច្បាប់ ហើយពួកគេក៏ស្វែងរកការគាំទ្រ ពីសហគមន៍អន្តរជាតិដែរ។ ទំនាក់ទំនងដែលពួកគេអាចមាន ជាមួយសហគមន៍អន្តរជាតិ ក៏នឹងត្រូវកំណត់តាមរយៈសកម្មភាព ដែលពួកគេធ្វើផងដែរ»

គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថានបានអំពាវនាវ ឱ្យមានការចូលរួមជាមួយក្រុមតាលីបង់ និងមិនបង្កកទ្រព្យសម្បត្តិរបស់ប្រទេសអាហ្វហ្គានីស្ថាន ព្រោះវានឹងនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅនៃប្រជាជនក្រីក្ររាប់់លាននាក់។ ទោះជាយ៉ាងណា ប្រទេសជាប់ព្រំដែនអាហ្វហ្កានីស្ថានមួយនេះ ក៏ធ្លាប់បានប្រកាសផងដែរថា ខ្លួនមិនមានការប្រញាប់ប្រញាល់ក្នុងទទួលស្គាល់ រដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់នោះទេ៕