(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនវ៉ាក់សាំងអាមេរិក Moderna លោក ស្ទេហ្វាន បាស៊ែល (Stephane Bancel) បានយល់ឃើញថា វិបត្តិជំងឺ COVID-19 អាចនឹងចប់ក្នុងរយៈពេល១ឆ្នាំទៀត ដោយសំអាងថា កំណើននៃការផលិតវ៉ាក់សាំង បាននិងកំពុងជួយធានាដល់ការផ្គត់ផ្គង់ នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។

លោក បាស៊ែល បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើអ្នកក្រឡេកមើល ការពង្រីកសមត្ថភាពផលិតវ៉ាក់សាំង ក្នុងរយៈពេល៦ខែកន្លងទៅនេះ គឺនៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ អាចមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់មនុស្សរាល់គ្នានៅលើផែនដីនេះ។ រីឯការចាក់ដូសជំរុញក៏គួរតែអាចទៅរួច តាមតម្រូវការផងដែរ»

នៅពេលអ្នកសារព័ត៌មានសួរថា តើអ្វីៗអាចនឹងត្រឡប់ទៅរកភាពប្រក្រតីវិញ ក្នុងពាក់កណ្តាលឆ្នាំក្រោយមែនឬទេ លោកនាយកក្រុមហ៊ុន Moderna បានឆ្លើយតបថា «គិតចាប់ពីឥឡូវទៅ គឺខ្ញុំសន្និដ្ឋានថា ១ឆ្នាំទៀត»

គួរបញ្ជាក់ថា យោងតាមទិន្នន័យនៃវែបសាយ ourworldindata គិតត្រឹមពេលនេះ ៤៣.៧ភាគរយ នៃប្រជាជនទាំងអស់នៅលើពិភពលោក ទទួលបានការចាកវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 យ៉ាងហោច១ដូស ខណៈបើរាប់ជាដូសគឺវ៉ាក់សាំងជាង ៦ពាន់លានដូស ត្រូវបានចាក់ ៕