(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសថា ខ្លួនបានសម្រេចអនុម័តឱ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) សម្រាប់ផ្ដល់ការចាក់ «ដូសទី ៣ ឬដូសជំរុញ» ដល់ក្រុមមនុស្សបន្ថែមទៀតដូចជា មនុស្សចាស់ដែលមានអាយុលើសពី ៦៥ឆ្នាំ ក៏ដូចជាក្រុមមនុស្សពេញវ័យ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។

សេចក្តីប្រកាសថ្មីនេះគឺជាផ្នែកមួយដ៏សំខាន់ដែលមានន័យថា ប្រជាជនអាមេរិករាប់សិបលាននាក់នាពេលឥឡូវនេះ មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងដូសទី ៣ ក្នុងរយៈពេល ០៦ខែបន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី ២ របស់ពួកគេហើយ ខណៈកន្លងមកនេះ មានតែមនុស្សដែលត្រូវបានពិនិត្យឃើញថា មានប្រព័ន្ធភាពសុំាទន់ខ្សោយខ្លាំងប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចាក់ដូសទី ៣។

ជុំវិញសេចក្តីសម្រេចថ្មីបន្ថែមទៀតនេះ លោកស្រី ចេណេត វូដខក់ (Janet Woodcock) ប្រធានស្តីទីនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា «សកម្មភាពថ្ងៃនេះបានបង្ហាញឲ្យឃើញ អំពីទិន្នន័យផ្នែកវិទ្យាសាស្ត្រដែលយើងមាននាពេលបច្ចុប្បន្ន ពិតជាបានជំរុញដល់ FDA ឲ្យសម្រេចចិត្តផ្ដល់ការចាក់វ៉ាក់សាំង (ដូសទី៣) ចំពោះមុខជំងឺឆ្លងរាតត្បាត (COVID-19) ដ៏កាចសាហាវ»។

គួរបញ្ជាក់ថា បើគិតតែទៅលើការចាក់វ៉ាក់សាំងដូសទី ១ និងទី ២ រហូតមកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកសម្រេចបានការចាក់សរុបចំនួន ៣៨៧លានដូស ក្នុងនោះប្រជាជន ២១២.២៥លាននាក់ (៦៤.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨២.០១លាននាក់ (៥៥.៥%) បានទទួលការចាក់គ្រប់ដូស៕