(ឡុងដ៍)៖ ប្រធានផ្នែកវេជ្ជសាស្ត្រនៃចក្រភពអង់គ្លេស លោក Chris Whitty នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នាពេលបច្ចុប្បន្ននេះ គឺមានអត្រាខ្ពស់បំផុតនៅក្នុងចំណោមក្មេងដែលមានអាយុចាប់ពី ១២ ទៅ ១៥ឆ្នាំ ហើយពួកគេស្ទើរតែទាំងអស់មិនទាន់បានទទួល ការចាក់វ៉ាក់សាំងនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។

ក្មេងដែលមានអាយុចាប់ពី ១២ ទៅ ១៥ឆ្នាំនៅចក្រភពអង់គ្លេសនឹងត្រូវផ្តល់ការចាក់វ៉ាក់សាំង បន្ទាប់ពីលោក Chris Whitty បាននិយាយកាលពីសប្តាហ៍មុនថា ក្មេងនៅក្នុងក្រុមអាយុនេះ នឹងទទួលបានអត្ថប្រយោជន៍ ដោយអាចកាត់បន្ថយផលរំខានដល់ការសិក្សារបស់ពួកគេ។ លោក Chris Whitty បន្ថែមថាទោះយ៉ាងណា ប្រហែលជាពាក់កណ្តាលនៃកុមារទាំងនេះបានឆ្លងជំងឺ COVID-19 រួចទៅហើយ ប៉ុន្តែពួកគេដែលមិនបានឆ្លងជំងឺនេះនឹងទទួលបាន ការចាក់វ៉ាក់សាំង នៅពេលណាមួយ»។

លោក Chris Whitty បានបញ្ជាក់ដូច្នេះថា «វានឹងមិនចាំបាច់ក្នុងរយៈពេល ២-៣ខែខាងមុខនេះទេ ប៉ុន្តែពួកគេនឹងទទួលបានការចាក់វ៉ាក់សាំងក្នុងរយៈពេល មិនយូរ ឬមិនឆាប់ ព្រោះនេះជាការឆ្លងរីករាលដាលដែលមិនគួរឱ្យជឿ ដោយសារតែប្រព័ន្ធភាពស៊ាំមានការចុះខ្សោយ... យើងនឹងមិនរង់ចាំមើលស្ថានការណ៍ ដែលវានឹងបញ្ឈប់នៅចំណុចជាក់លាក់ណាមួយនោះទេ ព្រោះការចាក់វ៉ាក់សាំងនឹងកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានប្រមាណ ៥០ភាគរយ ឬអាចច្រើនជាងនេះ»

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ចក្រភពអង់គ្លេស បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៧.៥៣លានករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣៥,៦២១នាក់ និងអ្នកជាសះស្បើយជាង ៦.០៧លាននាក់៕