(ញូយ៉ក)៖ ប្រធានាធិបតីអ៉ីរ៉ង់ដែលទើបស្បថឡើងកាន់តែតំណែងក្តៅៗ គឺលោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានប្រើប្រាស់វេទិកានៃមហាសន្និបាត អង្គការសហប្រជាជាតិ (UNGA) រិះគន់ធ្ងន់ៗទៅលើសហរដ្ឋអាមេរិក ដោយចាត់ទុកការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន មកលើទីក្រុងតេហេរ៉ង់នោះថា ជាយន្តការនៃសង្គ្រាម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

លោក Ebrahim Raisi មិនបានមកចូលរួមដោយផ្ទាល់ នៅឯទីស្នាក់ការកណ្តាល UN ក្នុងបុរីញូយ៉កនោះឡើយ ដោយការថ្លែងសុន្ទរកថារបស់លោក ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូអនឡាញ ចេញពីរដ្ឋធានីតេហេរ៉ង់។ សម្រាប់សុន្ទរថាដំបូង ក្នុងនាមជាប្រធានាធិបតីអ៊ីរ៉ង់ លោក Raisi បានលើកឡើងថា «ទណ្ឌកម្មទាំងឡាយ គឺជាមធ្យាបាយថ្មីរបស់អាមេរិកនៅក្នុងការធ្វើសង្គ្រាម ជាមួយប្រជាជាតិនានានៅលើពិភពលោក»

លោក Raisi ថែមទាំងបានហៅព្រឹត្តិការណ៍អុកឡុកវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីតោន ដោយក្រុមបាតុករគាំទ្រលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ និងការជម្លៀសមនុស្សដ៏ចម្រូងចម្រាសចេញពីអាហ្វហ្កានីស្ថាន កាលពីអំលុងខែសីហានោះថា ជាភាពបរាជ័យនៃទស្សនវិស័យ និងអនុត្តរភាព បែបលោកខាងលិចផងដែរ។

គួរបញ្ជាក់ថា កន្លងមកនេះរដ្ឋាភិបាលថ្មីរបស់លោក Ebrahim Raisi ក៏ធ្លាប់បានបង្ហាញចេតនា ក្នុងការដោះស្រាយបញ្ហាជាមួយសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែការចង់ឲ្យអ៊ីរ៉ង់កំណត់ការអភិវឌ្ឍមីស៊ីល និងឈប់គាំទ្រក្រុមសកម្មក្នុងតំបន់នោះ ទំនងជាស្ថិតក្នុងចំណោមឧបសគ្គធំៗ ដែលធ្វើឲ្យប្រទេសទាំងពីរនេះ មិនអាចអង្គុយចុះចរចាគ្នាបាន៕