(ញូយ៉ក)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារសប្ដាហ៍នេះបានសន្យាថាប្រទេសរបស់លោកនឹងបញ្ឈប់ការផ្ដល់មូលនិធិដល់គម្រោងថាមពល ធ្យូងថ្មនានា នៅក្រៅប្រទេស ជាផ្នែកមួយនៃការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

បើតាមលោក ស៊ី ជិនពីង ចិនក៏នឹងពន្លឿនផងដែរនូវកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅអព្យាក្រឹត ឬហ្សេរ៉ូកាបោននៅត្រឹមឆ្នាំ២០៦០។ ថ្លែងនៅក្នុងវីដេអូមួយ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីសម្រេចគោលដៅ, វាទាមទារឱ្យមានការខិតខំប្រឹងប្រែង យ៉ាងខ្លាំង...ចិននឹងបង្កើនការគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍនានា ក្នុងការអភិវឌ្ឍថាមពលបៃតង និងពឹងផ្អែកទាបបំផុតលើថាមពលធ្យូងថ្ម ហើយ យើងនឹងមិនផ្ដល់មូលនិធិសម្រាប់ការគម្រោងផលិតថាមពលធ្យូងថ្មថ្មីៗ នៅក្រៅប្រទេសទៀតឡើយ»

គួរបញ្ជាក់ថា ការសន្យារបស់ចិន ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុនបានធ្វើការសន្យាដូចគ្នាទៅនឹងលោក ស៊ី ជិនពីន ខណៈប្រទេសទាំង២នេះក៏ជា អ្នកផ្ដល់មូលនិធិធំដល់គម្រោងថាមពលធ្យូងថ្មនៅឯក្រៅប្រទេសដែរ៕