(យូអិន)៖ នៅចំពោះមុខកិច្ចប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលបានប្រព្រឹត្តទៅនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែងថា លោកនឹងធ្វើកិច្ចការងារជាមួយសភាអាមេរិកទាំងពីរ ដើម្បីជំរុញការផ្តល់ជំនួយទ្វេដង ដល់មូលនិធិដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

ការផ្តល់ជំនួយទ្វេដង ដែលលោក ចូ បៃដិន បានគូសបញ្ជាក់ខាងលើនេះ នឹងត្រូវផ្តល់ជូនជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៤ តែម្តង នៅក្នុងទឹកប្រាក់ ១១.៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ការប្តេជ្ញាចិត្តនេះនឹងជួយឲ្យពិភពលោក ខិតកាន់តែជិតគោលក្នុងការប្រមូលបានថវិកា ១០០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ និងងាយរងគ្រោះ ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ។

លោក ចូ បៃដិន បានថ្លែងចំពោះមុខអង្គមហាសន្និបាត UN យ៉ាងដូច្នេះថា «ផ្នែកដ៏ល្អបំផុតនោះគឺ ការធ្វើឲ្យការវិនិយោគប្រកបដោយមហិច្ឆតាទាំងនេះ មិនមែនត្រឹមតែជាគោលនយោបាយ ដោះស្រាយការប្រែប្រួលអាកាសធាតុ ដ៏ល្អមួយមុខនោះទេ តែគឺជាឱកាសសម្រាប់ប្រទេសយើងនីមួយៗ ក្នុងការវិនិយោគលើខ្លួនយើង និងអនាគតរបស់យើងផ្ទាល់»

គួរបញ្ជាក់ថា ការប្រកាសបរិច្ចាគថវិការបស់លោក ចូ បៃដិន ខាងលើនេះ បានកើតមានឡើងនៅមុន សន្និបាតស្តីបម្រែបម្រួលអាកាសធាតុ COP26 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង ហ្គ្លាសហ្គោវ (Glasgow) ប្រទេសស្កុតលែន ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១២ ខែវិច្ឆិកាខាងមុខនេះ។ យ៉ាងណាក៏ដោយការប្តេជ្ញាចិត្តរបស់លោក ចូ បៃដិន គឺត្រូវឆ្លងកាត់ការអនុម័ត ពីសភាទាំងពីររបស់សហរដ្ឋអាមេរិកសិន។

នៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសបានចែងថា ប្រទេសអភិវឌ្ឍនានាលើភពផែនដីនេះ បានប្តេជ្ញារៃអង្គាសប្រាក់ឲ្យបាន ១០០ពាន់លានដុល្លារអាមេរិកនៅក្នុងមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២០តទៅ ដើម្បីគាំទ្រដល់ប្រទេសក្រីក្រនានា ក្នុងដោះស្រាយផលប៉ះពាល់ បង្កឡើងដោយបញ្ហាបម្រែបម្រួលអាកាសធាតុ៕