(ប៉ារីស)៖ បារាំងនៅថ្ងៃចន្ទ ទី២០ ខែកញ្ញានេះបានលុបចោលជំនួបជាមួយក្រុមមន្ត្រីអង់គ្លេស និងអូស្ត្រាលី ហើយកំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុង សហភាពអឺរ៉ុបគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី ម៉ាក្រុង ដែលចង់ឱ្យអឺរ៉ុបមានស្វយ័តភាពខ្លាំងជាងមុន បន្ទាប់ពីអាម៉ាស់មុខដោយសារតែមិនត្រូវបានរាប់បញ្ចូល ទៅក្នុងសម្ព័ន្ធភាពយោធា AUKUS បង្កើតឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី។

អូស្ត្រាលី និងអង់គ្លេសបានអះអាងថាជម្លោះការទូតនឹងមិនធ្វើឱ្យប៉ះពាល់ឡើយដល់ទំនាក់ទំនងរយៈពេលពេលវែងរបស់ពួកគេជាមួយបារាំង ដែលកំពុងក្ដៅស្លឹកត្រចៀកនឹង ទីក្រុងកង់បេរ៉ា ចំពោះការសម្រេចចិត្តលុបចោលការបញ្ជាទិញនាវាមុជទឹកដើរដោយថាមពលឥន្ធនៈធម្មតា មានតម្លៃរាប់ពាន់លានដុល្លារពីក្រុមហ៊ុនបារាំង Naval Group កាលពីឆ្នាំ២០១៦ ដើម្បីស្រវាយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលអាមេរិក និងអង់គ្លេសសន្យាជួយផលិត។ ទាំងអាមេរិក អង់គ្លេស និងអូស្ត្រាលីសុទ្ធតែបាន អះអាងព្រមៗគ្នាថាកិច្ចព្រមព្រៀងផលិតនាវាមុជទឹកនុយក្លេអ៊ែរនេះនឹងជួយបង្កើនការប្ដេជ្ញាចិត្តរបស់ពួកគេចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈក្រុមអ្នកវិភាគយល់ថាការបង្កើត សម្ព័ន្ធយោធា AUKUS មានគោលដៅចម្បងខ្ទប់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។

ប៉ុន្តែខណៈអាមេរិក អង់គ្លេស និងអូស្ត្រាលីប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹង បារាំងបានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសហរដ្ឋអាមេរិក និងអូស្ត្រាលីមកស្រុកវិញ ជាលើក ដំបូងបំផុតមិនធ្លាប់ពីមុនមក ហើយការខឹងសម្បាររបស់បារាំងហាក់ដូចជាមិនទាន់មានសញ្ញាធូរស្រាលឡើយ។ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ាង់ (Jean-Yves Le Drian) ដែលហៅការបង្កើតសម្ព័ន្ធភាពយោធា AUKUS ថា «ជាការលួចចាក់បារាំងពីក្រោយខ្នង» បានអំពាវនាវស្វែងរកការគាំទ្រពីសហភាពអឺរ៉ុប និងបាន លើកឡើងជាថ្មីពីគំនិតរបស់លោក ម៉ាក្រុង ដែលចង់ឱ្យអឺរ៉ុបមានស្វយ័ភាពខ្លាំងជាងមុនលែងពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិក។

តាមការពិតទៅ បារាំងមិនមែនខឹងត្រឹមតែរឿងអូស្ត្រាលីលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកប៉ុណ្ណោះទេ តែទីក្រុងប៉ារីសក៏អន់ចិត្តមិនស្ទើរនោះទេដែលត្រូវបានអាមេរិក អង់គ្លេស និងអូស្ត្រាលីមើលរំលង ពីព្រោះថាបារាំងក៏មានផលប្រយោជន៍ត្រូវការពារដែរ នៅឯដែនដីបារាំងក្នុងតំបន់ប៉ាស៊ីហ្វិក។ គំនិតចង់ឱ្យសហភាពអឺរ៉ុបមានស្វយ័ភាព ក៏មិនមែនជារឿងថ្មីថ្មោងអ្វីនោះដែរ ពោលគឺលោក ម៉ាក្រុងផ្ទាល់ក៏ធ្លាប់ង្ហើបពីផែនការបង្កើត «កងទ័ពអឺរ៉ុប» ដើម្បីការពារទ្វីបអឺរ៉ុបដោយខ្លួនឯងទៀតផងកាលពី២០១៧។

*និយាយស្រួល តែធ្វើពិបាក

សហរដ្ឋអាមេរិកទៅដល់ទីណា សហភាពអឺរ៉ុបត្រូវតែទៅដល់ទីនោះដែរ។ នេះគឺជារឿងដែលមជ្ឈដ្ឋានទូទៅដឹងគ្រប់គ្នា។ ជាឧហរណ៍ជាក់ស្ដែង បណ្ដាប្រទេសអឺរ៉ុបត្រូវបង្ខំចិត្ត ដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថាន តាមសហរដ្ឋអាមេរិក បើទោះជាពួកគេមានបំណងរក្សាវត្តមានកងទ័ពលោកខាងលិច ដើម្បីការពារកុំឱ្យអាហ្វហ្កានីស្ថានធ្លាក់ចូល ក្នុងដៃក្រុមតាលីបង់ក៏ដោយ។ នេះក៏ដោយសារតែប្រទេសអឺរ៉ុបជាសមាជិក NATO ពឹងផ្អែកទាំងស្រុងលើភស្ដុភារ និងការគាំទ្រដែនអាកាសពីសហរដ្ឋអាមេរិក។ ការពឹងផ្អែក ពេកលើសហរដ្ឋអាមេរិក បានធ្វើឱ្យអឺរ៉ុបបានបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ហើយពេលខ្លះពួកគេត្រូវខាតបង់ប្រយោជន៍ជាតិនៅពេលត្រូវដើរតាមសហរដ្ឋអាមេរិក។

សម្រាប់សហរដ្ឋអាមេរិក ចិនជាគូប្រជែងដ៏ធំរបស់ខ្លួន រីឯចំពោះបណ្ដាប្រទេសអឺរ៉ុបភាគច្រើនទោះជាចាត់ទុកចិនជា «គូប្រជែងជាលក្ខណៈប្រព័ន្ធ» តែពួកគេនៅតែចង់រក្សា ទំនាក់ទំនងឈ្នះៗជាមួយចិន លើវិស័យពាណិជ្ជកម្ម ហើយចាត់ទុករុស្ស៊ីដែលនៅជិតរបងផ្ទះរបស់ពួកគេជា «ការគំរាមកំហែងដ៏ធំ»។ មើលឃើញបែបនេះហើយទើបមេដឹកនាំ អឺរ៉ុប ដូចជាប្រធានាធិបតីបារាំង លោក ម៉ាក្រុង តែងតែលើកឡើងជារឿយៗថាអឺរ៉ុបមិនអាចពឹងផ្អែកពេកលើសហរដ្ឋអាមេរិកទៀតនោះទេ ហើយលោកថែមទាំងលើកឡើងពីគំនិតចង់បង្កើតកងទ័ពអឺរ៉ុប និងចង់ឱ្យអឺរ៉ុបមានស្វយ័ភាពខ្លាំងជាងមុន ឬគេស្គាល់ «យុទ្ធសាស្ត្រស្វ័យភាព ឬ Strategic Autonomy»

គំនិតចង់បានស្វយ័ភាពត្រូវបានលើកឡើងដោយអ្នកនយោបាយជាន់ខ្ពស់អឺរ៉ុបតាំងពីទសវត្សរឆ្នាំ១៩៩០ម្លេះ បន្ទាប់ពីអឺរ៉ុបបរាជ័យក្នុងការទប់ស្កាត់ការសង្រ្គាមបង្ហូរឈាម នៅក្នុងអតីតសាធារណរដ្ឋយូហ្គូស្លាវី ដែលនៅមាត់ទ្វារផ្ទះអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់មានការអន្តរាគមន៍លូកដៃពីសហរដ្ឋអាមេរិកទើបសង្រ្គាមបញ្ចប់ ហើយ វាក៏ចាប់ផ្ដើមធ្វើឱ្យអឺរ៉ុបគិតពីការបង្កើត «កងទ័ពអឺរ៉ុប»។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយក្នុងឆ្នាំ១៩៩៨ អតីតប្រធានាធិបតីបារាំង លោក ហ្សាក់ ស៊ីរ៉ាក់ (Jacques Chirac) និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្លែរ (Tony Blair) បានប្រកាសថាអឺរ៉ុបត្រូវតែមានសមត្ថភាពធ្វើសកម្មភាពដោយស្វយ័ភាពដោយមានការគំាទ្រពី «កងកម្លាំង យោធាមួយដ៏គួរឱ្យជឿជាក់» ហើយគំនិតនេះគឺស្រដៀងគ្នាទៅនឹងគំនិតរបស់លោក ម៉ាក្រុងនាពេលបច្ចុប្បន្នដែរ។

ក្នុងឆ្នាំ១៩៩៩ សហភាពអឺរ៉ុបបានឯកភាពគ្នាបង្កើតកងកម្លាំងមួយមានកងទ័ពចន្លោះពី ៥០,០០០នាក់ ដល់៦០,០០០នាក់ដែលអាចនឹងធ្វើប្រតិបត្តិការក្នុងរយៈពេល ៦០ថ្ងៃ ហើយឆ្នាំ២០០៧, ប្លុកមួយនេះបានបង្កើតបណ្ដាញមួយនៃកងកម្លាំងយោធាដែលមានការចូលរួមពីកងទ័ព១,៥០០នាក់ មកពីប្រទេសជាសមាជិកនីមួយៗ។ ប៉ុន្តែ កងកម្លាំង យោធាទាំងនេះ មិនអាចលេចចេញជារូបរាង ឬក៏ធ្វើប្រតិបត្តិការនោះទេ ហើយក្រុមអ្នកជំនាញយល់ថាបរាជ័យនេះគឺដោយសារតែអង្គភាពយោធាទាំងនេះមិនមានសមត្ថភាព គ្រប់គ្រាន់។

*ខ្លាចកងទ័ពអឺរ៉ុបថ្មី មិនដូច NATO

នៅពេលគេនិយាយពីបងធំអឺរ៉ុប គេនឹកដល់បក្សសម្ព័ន្ធយោធា NATO ហើយនៅពេលគេនិយាយដល់ NATO គឺគេនឹកឃើញភ្លាមៗ សហរដ្ឋអាមេរិកដែលជាបងធំរបស់NATO។ សន្តិសុខអឺរ៉ុប ត្រូវបានធានាការពារទាំងស្រុងដោយ NATO ដែលផ្សាភ្ជាប់ជោគវាសនាជាមួយសហរដ្ឋអាមេរិក។ ដូច្នេះក្នុងរយៈពេលដ៏ខ្លី ឬមធ្យម គេពិបាកស្រមៃ ឃើញណាស់ថាអឺរ៉ុបអាចបង្កើតកងទ័ពអឺរ៉ុប ដ្បិតប្រសិនបើកងទ័ពអឺរ៉ុបថ្មីមួយត្រូវបានបង្កើតឡើងមែន ចុះ NATO ទៅជាយ៉ាងណាវិញ ហើយតើសហភាពអឺរ៉ុបអាចធានា បានទេថាការបង្កើតកងទ័ពថ្មីនេះនឹងមិនបំផ្លាញសម្ព័ន្ធភាព NATO។

ពឹងតែលើបារាំង ដើម្បីបង្កើតកងទ័ពអឺរ៉ុបគឺមិនអាចទៅរួចឡើយ ហើយគួបផ្សំនឹងអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបទៀត វាធ្វើឱ្យប្លុកមួយនេះមានភាពខ្វះខាតក្នុងការរៀបចំ ផែនការ, មិនអាចការពារខ្លួនឯងបាននោះទេ។ អង្គការ NATO ដែលគ្មានសហរដ្ឋអាមេរិកប្រៀបដូចជារថយន្ដគ្រឿងមួយគ្មានម៉ាស៊ីន ពោលគឺនិយាយងាយស្ដាប់ អាមេរិក នៅតែជាអ្នកធានាការពារសន្តិសុខឱ្យអឺរ៉ុប បើទោះជាអឺរ៉ុបពេញចិត្ត ឬមិនពេញចិត្តក៏ដោយ។

ម្យ៉ាងវិញទៀត ទោះជាបារាំងយល់ព្រម សួរថាតើប្រទេសជាសមាជិក NATO ដទៃទៀតយល់ព្រមដែរឬទេ? ប្រទេសមួយចំនួនដូចជាបណ្ដាប្រទេសក្នុងតំបន់បាល់ទិច និងប៉ូឡូញ សុទ្ធតែជាប្រទេសដែលមើលទៅពិបាកក្នុងការបញ្ចុះបញ្ចូល ព្រោះពួកគេនៅតែបារម្ភខ្លាចក្រែងថាកងទ័ពអឺរ៉ុបថ្មី គឺមិនដូចជា NATO។ «វាពិបាកណាស់ ក្នុងការបញ្ចុះបញ្ចូលបណ្ដារដ្ឋជាសមាជិកមួយចំនួនថាការបង្កើតកងទ័ពអឺរ៉ុបថ្មីអាចនឹងជួយធានាការពារសន្តិសុខឱ្យអឺរ៉ុបដូចជាគ្នាទៅនឹងអង្គការ NATO ក្រោមការរៀបចំរបស់ អាមេរិក»។ នេះជាការលើកឡើងរបស់លោក Richard Whitman ជាសាស្ត្រាចារ្យម្នាក់ផ្នែកកិច្ចការនយោបាយ និងទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ University of Kent។

លោក Richard Whitman បន្ថែមទៀតការខ្វែងគំនិតគ្នា និងការរិះថាំក្នុងការបង្កើនកញ្ចប់ថវិកាយោធារបស់បណ្ដាប្រទេសអឺរ៉ុប ព្រមទាំងការមើលឃើញពីការគំរាមកំហែង ពីខាងក្រៅផ្ទុយគ្នា ក៏ជាឧបសគ្គធំរាំងដល់គំនិតបង្កើតកងទ័ពផងដែរ។ ជាឧទាហរណ៍, នៅក្នុងកែវភ្នែកបណ្ដាប្រទេសក្នុងតំបន់បាល់ទិច រុស្ស៊ីគឺជាការគំរាមកំហែងដ៏ធំរបស់ ពួកគេ តែសម្រាប់អាល្លឺម៉ង់រុស្ស៊ីជាដៃគូឧស្ម័នដ៏សំខាន់ រីឯហុងគ្រីចាត់ទុករុស្ស៊ីជាសម្ព័ន្ធមិត្តទៅវិញ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ត្រូវបានគេរាយការណ៍ថានឹងត្រូវជួបពិភាក្សាគ្នាតាមទូរស័ព្ទ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ហើយបើតាមភាគីបារាំង លោក ម៉ាក្រុងនឹងស្នើឱ្យលោក បៃដិនពន្យល់ឱ្យបានច្បាស់ពីសម្ព័ន្ធភាពយោធា AUKUS និងការលុបចោល កិច្ចព្រមព្រៀងទិញនាវាមុជទឹករបស់អូស្ត្រាលី។ ប៉ុន្តែ អ្វីដែលគេរង់ចាំមើលនោះគឺថាតើលោក បៃដិន អាចនឹងបន្ថយកំហឹងរបស់បារាំងបានដែរឬក៏យ៉ាងណា៕

ប្រភព៖ AFP, Worldpoliticsreview (ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១)