(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៦,០៧២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៤៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៣,១០៧,៦២៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៩៤,៦១៩នាក់ និងជាសះស្បើយឡើងសរុប ៣២.៦៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech បានប្រកាសថា វ៉ាក់សំាងបង្ការជំងឺ COVID-19 របស់ពួកគេ អាចជំរុញប្រព័ន្ធភាពសុំាដ៏រឹងមាំ សម្រាប់កុមារអាយុចាប់ពី ៥-១១ឆ្នាំ។ ស្របពេលនៃការជូនដំណឹងនេះ ក្រុមហ៊ុនក៏បានប្រកាសពីគម្រោង ដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់កុមារដែលស្ថិតក្នុងវ័យនេះ នៅសហរដ្ឋអាមេរិក, អឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀតឲ្យបានឆាប់ តាមដែលអាចធ្វើទៅបានផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៨៦លានដូស ក្នុងនោះប្រជាជន ២១១.៧៧លាននាក់ (៦៤.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨១.៣៨លាននាក់ (៥៥.៣%) បានទទួលការចាក់គ្រប់ដូស៕