(អឺរ៉ុប)៖ ភាពតានតឹងបានផ្ទុះឡើង ពីសំណាក់សម្ពន្ធមិត្តលោកខាងលិច នៅពេលដែលមេដឹកនាំនានានៅសហភាពអឺរ៉ុប (EU) បានបង្ហាញជំហរគាំទ្របារាំង ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្យាយាមបន្សាបស្ថានការណ៍ដ៏ក្តៅគគុកនេះវិញ តាមរយៈបន្ធូរបន្ថយវិធានការរឹតត្បិត COVID-19 លើការធ្វើដំណើរពីបរទេស ជាពិសេសពីបណ្តាប្រទេស EU តែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

ខណៈដែលសហរដ្ឋអាមេរិក កំពុងត្រូវការកិច្ចសហប្រតិបត្តិការដ៏ចាំបាច់ ជាមួយសម្ពន្ធអឺរ៉ុបរបស់ខ្លួន ក្នុងការទប់ទល់ឥទ្ធិពលចិនលើពិភពលោក, ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងតាមដានស្ថានការណ៍ នៅប្រទេសអាហ្វហ្កានីស្ថានោះ ជម្លោះជាមួយប្រទេសបារាំង ជុំវិញកិច្ចសន្យាផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ជាមួយប្រទេសអូស្ត្រាលី នៅពេលនេះបានក្លាយឧបសគ្គថ្មីមួយ ដែលអាចរាំងស្ទះដល់ការសម្រេចគោលដៅរួមជាច្រើន។

លោក ឆាល មីឈែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) បានថ្លែងថា សហភាពអឺរ៉ុបចង់បានចម្លើយច្បាស់លាស់ ព្រោះក្នុងនាមជាសម្ពន្ធមិត្តនឹងគ្នា (លោកខាងលិច) យើងពិតជាត្រូវការណាស់នូវ «ការទុកចិត្ត និងតម្លាភាព» យ៉ាងជាក់លាក់។

លោក Michel បានសង្កត់ធ្ងន់ថា «ពេលនេះយើងកំពុងមើលឃើញយ៉ាងច្បាស់ នូវការខ្វះតម្លាភាព និងភាពស្មោះត្រង់នឹងគ្នា។ បើនិយាយពីលោក ដូណាល់ ត្រាំ យ៉ាងហោចណាស់លោកបានបង្ហាញជំហរច្បាស់លាស់ ទាំងពាក្យសម្តី និងកាយវិកាថា EU មិនមែនដៃគូដែលសក្តិសម នៅក្នុងជម្រើសរបស់លោកនោះទេ...»

បន្ថែមពីខាងលើនេះ ប្រមុខការទូតរបស់ EU គឺលោក ចូសិព បូរែល (Josep Borrell) បានថ្លែងយ៉ាងច្បាស់ នៅអំលុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទស EU នាដើមសប្តាហ៍នេះក្នុងទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរិកថា EU នឹងរួបរួមសាមគ្គីគ្នាយ៉ាងពិតប្រាកដ ជាមួយប្រទេសបារាំង ហើយការប្រកាសនេះសបញ្ជាក់យ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការជាមួយ EU គឺជារឿងចាំបាច់នៅក្នុងកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា កិច្ចព្រៀមព្រៀងសន្តិសុខត្រីភាគី A-UK-US និងកិច្ចសន្យាជួយអូស្ត្រាលី ក្នុងការផលិតនាវាមុជទឹកដោយថាមពលនុយក្លេអ៊ែរ ពីសំណាក់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស មិនត្រឹមតែនាំឲ្យប្រទេសបារាំងខឹងសម្បារ ដោយសារតែការខាតបង់ថវិកា ៤០ពាន់លានដុល្លារអាមេរិកនោះប៉ុណ្ណោះទេ តែវាក៏ជាការបង្ហាញអំពី ចេតនាមួយផ្សេងទៀតរបស់ប្រទេស A-UK-US ក្នុងការមើលរំលងបណ្តាប្រទេស EU ដែលជាសម្ពន្ធដ៏ចាំបាច់នោះផងដែរ៕