(វ៉ាស៊ីនតោន)៖ ការប្រកាសពីការសន្យារបស់សហរដ្ឋអាមេរិក និងអង់គ្លេស ក្នុងការជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បាន និងកំពុងបង្កឱ្យមានការខ្វែងគំនិតគ្នានៅក្នុងចំណោមក្រុមអ្នកជំនាញផ្នែកកិច្ចការយោធា និងអ្នកភូមិសាស្ត្រនយោបាយ។ សម្រាប់អ្នកជំនាញយោធា ការជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាចជា «យុទ្ធសាស្ត្រដ៏ឆ្លាតវៃ» ដែលនឹងជួយឱ្យសហរដ្ឋអាមេរិករកបានសម្ព័ន្ធមិត្តយោធាដ៏សំខាន់មួយ ដើម្បីប្រឆាំងនឹងការកើនឡើងនៃឥទ្ធិពលកងទ័ព ជើងទឹករបស់ចិន ដែលបច្ចុប្បន្នគឺជាកងទ័ពជើងទឹកធំជាងគេបំផុតនៅលើពិភពលោក។

ប៉ុន្តែ ផ្ទុយពីអ្នកជំនាញយោធា អ្នកជំនាញភូមិសាស្ត្រនយោបាយយល់ថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក អាចនឹងបង្កភាពស្មុគស្មាញដល់ការប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្ត និង ការដាក់ចេញនយោបាយការបទេសឱ្យមានប្រសិទ្ធភាព។ ជាក់ស្ដែង ការសន្យាជួយអូស្ត្រាលីផលិតនាវាមុជទឹកនុយក្លេអ៊ែរ នៅក្រោមសម្ព័ន្ធភាពយោធាត្រីភាគីថ្មីមួយមានឈ្មោះ AUKUS (A-UK-US) បានបង្កឱ្យមានវិបត្តិទំនាក់ទំនងការទូតមិនធ្លាប់មានពីមុនមករវាងបារាំង និងសហរដ្ឋអាមេរិក។

បារាំងកាលពីថ្ងៃសុក្រ ទី១៧ ខែកញ្ញាកន្លងទៅនេះបានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ា ត្រឡប់មកស្រុកវិញជាការបង្ហាញការជំទាស់ និងខឹងសម្បារទៅនឹងការបង្កើតសម្ព័ន្ធភាពថ្មីនេះដែលទីក្រុងប៉ារីសចាត់ទុកថា «ជាការលួចចាក់បារាំងពីក្រោយខ្នង» ដ្បិតតាមរយៈកិច្ចព្រមព្រៀងនេះ វាបានជំរុញឱ្យអូស្ត្រាលី លុបចោលការបញ្ជាទិញនាវាមុជទឹក ១២គ្រឿងមានតម្លៃ ៤០ពាន់លានដុល្លារដែលបានព្រមព្រៀងគ្នាជាមួយបារាំងកាលពីឆ្នាំ២០១៦។ នៅក្នុងពេលប្រកាសពីការង្កើតសម្ព័ន្ធភាពត្រីភាគីនេះ មេដឹកនាំអាមេរិក អង់គ្លេស និងអូស្ត្រាលីមិនបានលើកឡើងចំឈ្មោះចិននោះទេ តែគ្រប់គ្នាសុទ្ធតែដឹងថាគោលដៅចម្បង នោះគឺខ្ទប់ការកើនឡើង ឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ី។

ចាប់តាំងពីអភិវឌ្ឍបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងទសវត្សរឆ្នាំ១៩៥០មក សហរដ្ឋអាមេរិកបានចែករំលែកបច្ចេកវិទ្យាផលិតនាវាប្រភេទនេះជាមួយសម្ព័ន្ធមិត្ត របស់ខ្លួនតែមួយគត់ នោះគឺចក្រភពអង់គ្លេស ហើយការសន្យាចែករំលែកបច្ចេកវិទ្យានេះជាមួយអូស្ត្រាលី វាបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមើលឃើញពីចាំបាច់ក្នុងការ ពង្រឹងសមត្ថភាពនៃសម្ព័ន្ធមិត្តរបស់ខ្លួនដែលកំពុងស្ថិតនៅលើសមរភូមិមុខនៃជម្លោះជាមួយចិន។ តែនេះមិនមែនមានន័យថាគ្រប់សម្ព័ន្ធមិត្តសុទ្ធតែសំខាន់ចំពោះអាមេរិក នោះទេ ពោលគឺទាល់តែពួកគេបង្ហាញជំហរឈរនៅខាងអាមេរិកប្រឆាំងចិន ដូចជាអូស្រ្តាលី ទើបអាមេរិកយកភ្នែកមើល។ ពិតមែនទៅ ការសម្រេចចិត្តជួយអូស្ត្រាលីផលិត នាវាមុជទឹកក៏ប្រហែលជាសារមួយដែលលោក ចូ បៃដិន ចង់ផ្ញើជូនអឺរ៉ុប រួមទាំងសម្ព័ន្ធមិត្តផ្សេងទៀតដែរថាអំណេះតទៅ ពួកគេត្រូវតែសម្រេចចិត្តឱ្យច្បាស់ថាចង់នៅខាង អាមេរិក ឬរើសយកចិន ដោយមិនអាចចេះតែសម្ងំទាញយកប្រយោជន៍ពីចិនផង ពីអាមេរិកផងក្នុងពេលតែមួយ ខណៈអាមេរិកកំពុងប្រឹងប្រែងខ្ទប់ឥទ្ធិពលចិនតែម្នាក់នោះទេ។

លើសពីនេះទៅទៀត អាមេរិកក៏ប្រហែលជាចង់យកកិច្ចព្រមព្រៀងជាមួយអូស្ត្រាលី ធ្វើតេស្ដមើលថាតើប្រទេសណាខ្លះគាំទ្រ និងជំទាស់នឹងយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ។ កាលពីឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scot Morrison) បាននិយាយថាអូស្ត្រាលីត្រូវការសហរដ្ឋអាមេរិកដើម្បីសន្តិសុខ ហើយត្រូវការចិន ក្នុងនាមជាដៃគូពាណិជ្ជកម្មដោយរក្សាជំហរមិនរើសយកមួយណាឡើយរវាងមហាអំណាចទាំង២។ តែការសម្រេចចិត្តចូលរួមក្នុងសម្ព័ន្ធភាពយោធាត្រីភាគី AUKUS វាបង្ហាញ រួចទៅហើយថាអូស្ត្រាលីរើសយកអាមេរិក ឬចិន? សម្រាប់បារាំងវាជាការខឹងសម្បារ តែចំពោះអូស្ត្រាលី កិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយ សហរដ្ឋអាមេរិក មានផលចំណេញលើសលប់សម្រាប់ជាតិ ដោយវានឹងជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹកអូស្ត្រាលី ពីព្រោះនាវាមុជទឹកនុយក្លេអ៊ែរមានសមត្ថភាពខ្ពស់ ជាងនាវាមុជទឹកដែលអូស្ត្រាលីបញ្ជាទិញពីបារាំងដែលជាប្រភេទនាវាមុជទឹកធម្មតា មិនអាចមុជនៅក្រោមទឹកបានយូរដូចជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឡើយ។

បើតាមអ្នកជំនាញភូមិសាស្ត្រនយោបាយ នយោបាយការបរទេសអាមេរិកត្រូវបានគេមើលឃើញថាផ្តោតលើសន្តិសុខជាមុន ទើបសេដ្ឋកិច្ចដើរតាមក្រោយ ដែលផ្ទុយពីចិន ដែលយកប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មដើម្បីប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិក។ នយោបាយផ្តោតលើសន្តិសុខនេះហាក់ដូចជាមិនសមស្របទៅនឹងកាលៈទេសៈ បច្ចុប្បន្នទាល់តែសោះ ពោលគឺខណៈប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងផ្ដោតលើការស្ដារសេដ្ឋកិច្ចជាតិឡើងវិញពីវិបត្តិ COVID-19 អាមេរិកបែរជាផ្ដោតលើសន្តិសុខ ផ្ទុយពីអ្វីដែលអ្នកជំនាញភាគច្រើនយល់ថាទីក្រុងវ៉ាស៊ីនតោនគួរតែផ្ដល់ជម្រើសសេដ្ឋកិច្ច ឬពាណិជ្ជកម្មដ៏ប្រសើរមួយដល់បណ្ដាប្រទេសដទៃ ដើម្បីកុំឱ្យពួកគេពឹងផ្អែកខ្លាំងពេក ទៅលើការធ្វើពាណិជ្ជកម្មជាមួយចិន។

មួយថ្ងៃ ក្រោយសហរដ្ឋអាមេរិកប្រកាសបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី ចិនបានដាក់ពាក្យស្នើសុំជាផ្លូវការចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ ថា CPTPP ដោយវាបានបង្កឱ្យមានការចោទសួរនូវសំនួរមួយដ៏សំខាន់ទៅអនាគត នោះគឺថាតើរវាងកិច្ចព្រមព្រៀងយោធារបស់អាមេរិក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ចិន មួយណានឹងមានប្រៀបជាង? CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកើតចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលប្រមូលផ្ដុំបណ្ដាប្រទេសនៅ ជុំវិញខ្សែក្រវាត់ប៉ាស៊ីហ្វិកដែលតំណាងឱ្យ ៤០ភាគរយនៃសេដ្ឋកិច្ចសកល។ គោលបំណងមួយនៃការបង្កើតកិច្ចព្រមព្រៀងនេះឡើង គឺដើម្បីកាត់បន្ថយកុំឱ្យបណ្ដាប្រទេស នានា ពឹងផ្អែកខ្លាំងពេកទៅលើការធ្វើពាណិជ្ជកម្មជាមួយចិន ហើយលើកកម្ពស់មុខមាត់ជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀង TPP ត្រូវបានចុះហត្ថលេខាដោយប្រទេសជាសមាជិកចំនួន១២ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ក្រោមសម័យដឹកនាំរបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៦។ ប៉ុន្តែ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP កាលពីឆ្នាំ២០១៧ ដោយសំអាងថាកិច្ចព្រមព្រៀងនេះសម្លាប់ការងាររបស់ប្រជាជនអាមេរិក។ នៅឆ្នាំបន្ទាប់ គឺឆ្នាំ២០១៨ ទើបសមាជិកផ្សេងទៀតដែលនៅសល់បានរួមគ្នាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP ដោយមិនមានអាមេរិកជាសមាជិក។ ប្រធានាធិបតីលោក ចូ បៃដិនធ្លាប់បានបញ្ជាក់ថាលោកនឹងគាំទ្រឱ្យសហរដ្ឋអាមេរិកចូលរួម ក្នុងកិច្ចព្រមព្រៀងនេះ លុះត្រាតែមានកិច្ចចរចាជាថ្មីឡើងវិញ។

ចិនក៏ធ្លាប់ជំទាស់នឹងការបង្កើតកិច្ចព្រមព្រៀង CPTPP នេះដែរ តែកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញាកន្លងទៅនេះ ប៉េកាំងបែរជាដាក់ពាក្យជាផ្លូវការស្នើសុំចូលជាសមាជិក CPTPP ទៅវិញ។ ចិនបានរៀបចំកិច្ចប្រជុំជាច្រើនលើកមកហើយជាមួយអូស្ត្រាលី, ម៉ាឡេស៊ី, នូវែលសេឡង់ រួមទាំងបណ្ដាប្រទេសជាសមាជិកដទៃពាក់ព័ន្ធនឹងការស្នើសុំចូល ជាសមាជិកកាលពីប៉ុន្មានខែកន្លងទៅនេះ។ បើតាមក្រុមអ្នកជំនាញ ក្នុងពេលភ្លាមៗបណ្ដាប្រទេសជាសមាជិក CPTPP ទំនងជានឹងមិនទទួលយកចិនឱ្យចូលជាសមាជិកទេ ប៉ុន្តែ ការពិតមួយដែលគេមិនអាចប្រកែកបាន នោះគឺចិនជាមហាអំណាចសេដ្ឋកិច្ចលេចធ្លោរជាងគេ នៅក្នុងតំបន់រួចស្រេចទៅហើយ រីឯសហរដ្ឋអាមេរិកនៅតែស្ទាក់ស្ទើរ ក្នុងការត្រឡប់ចូលជាសមាជិកវិញ។

ដូច្នេះប្រសិនបើ ចិនអាចចូលជាសមាជិក CPTPP បានមែន ខណៈសហរដ្ឋអាមេរិកនៅតែស្ថិតនៅក្រៅកិច្ចព្រមព្រៀងនេះ នោះមានន័យថាកិច្ចព្រមព្រៀងនាវាមុជទឹក នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនឹងក្លាយជា «យុទ្ធសាស្ត្រមួយដែលត្រូវបានប្រើប្រាស់មិនត្រូវកាលវេលា ឬកាលៈទេសៈ» ដែលនឹងអនុញ្ញាតឱ្យចិនប្រើប្រាស់អំណាចសេដ្ឋកិច្ច របស់ខ្លួនអូសទាញឱ្យបណ្ដាប្រទេសទាំងឡាយចូលមកក្នុងគន្លងសេដ្ឋកិច្ចរបស់ខ្លួន ដែលនេះនឹងធ្វើឱ្យពួកគេត្រូវគិតពិចារណាពីរ ទៅបីដងដែរ មុននឹងសម្រេចចិត្តចូលរួម ជាមួយសហរដ្ឋអាមេរិកប្រឆាំងចិន៕

ប្រភព៖ Council on Foreign Relations (ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១)