(ប៉េកាំង)៖ នៅថ្ងៃទី ១៧ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ តាមប្រព័ន្ធវីដេអូអំឡុងពេលចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបតិ្តការសៀងហៃលើកទី ២១ ដោយផ្តួចផ្តើមយ៉ាងសកម្មនូវ «ស្មារតីសៀងហៃ» និងលើកឡើងសំណើចំនួន ៥ ចំណុចស្តីពីការអភិវឌ្ឍរបស់អង្គការសហប្រតិបតិ្តការសៀងហៃនៅពេលអនាគត ហើយបានប្រកាសថា នឹងដាក់ចេញវិធានការថ្មីដ៏សំខាន់ជាច្រើន។ សហគមន៍អន្តរជាតិបានសម្គាល់ជាទូទៅថា សុន្ទរកថារបស់លោក Xi Jinping នឹងជំរុញយ៉ាងខ្លាំងដល់ អង្គការសហប្រតិបតិ្តការសៀងហៃ ឱ្យចាប់ផ្តើមដំណើរការណ៍អភិវឌ្ឍថ្មី និងជំរុញសន្តិភាពដ៏យូរអង្វែង និងវិបុលភាពរួមនៃពិភពលោក។
ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោកបាន និងកំពុងឋិតក្នុងភាពបម្រែបម្រួល ដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ និងរងការរីករាលដាលនៃជំងឺកូវីដ១៩ អង្គការសហប្រតិបតិ្តការសៀងហៃទទួលបន្ទុកទំនួលខុសត្រូវ កាន់តែសំខាន់ៗក្នុងការគាំពារសន្តិសុខ និងស្ថិរភាពក្នុងតំបន់ព្រមទាំងជំរុញការស្តារឡើងវិញ និងការអភិវឌ្ឍនៃបណ្តាប្រទេសនានា។ ក្នុងនាមជាសមាជិកស្ថាបនិកនៃ អង្គការសហប្រតិបតិ្តការសៀងហៃ និងជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត តើប្រទេសចិននឹងរួមចំណែកដល់ការអភិវឌ្ឍរបស់ អង្គការសហប្រតិបតិ្តការសៀងយ៉ាងដូចម្តេច ប្រការនេះត្រូវអ្នកផងទាំងពួងយកចិត្តទុកដាក់ជាទូទៅ។

ទាក់ទិននឹងរឿងនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង «សំណើ ៥ ចំណុច» ពោលគឺ «ប្រកាន់ខ្ជាប់ដើរតាមផ្លូវសាមគ្តីភាពនិងកិច្ចសហប្រតិបតិ្តការ», «ប្រកាន់ខ្ជាប់ដើរតាមផ្លូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវ និងគាំពារសន្តិសុខ», «ប្រកាន់ខ្ជាប់ដើរតាមផ្លូវមានភាពបើកចំហ និងរួមបញ្ចូលគ្នា», «ប្រកាន់ខ្ជាប់ដើរតាមផ្លូវរៀនសូត្រគ្នាទៅវិញទៅមក» និង «ប្រកាន់ខ្ជាប់ដើរតាមផ្លូវសមភាព និងយុត្តិធម៌»។ សំណើទាំងនេះមិនត្រឹមតែបានចង្អុលបង្ហាញទិសដៅ សម្រាប់ការអភិវឌ្ឍរបស់ អង្គការសហប្រតិបតិ្តការសៀងហៃ នៅពេលអនាគតប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវរបស់ប្រទេសចិន ក្នុងការជំរុញស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ។

ប្រឈមមុខនឹងបម្រែបម្រួលដ៏សំខាន់ នៃស្ថានការណ៍អាហ្វហ្កានីស្ថាន លោក Xi Jinping បានអំពាវនាវឱ្យបណ្តារដ្ឋសមាជិក បង្កើនកិច្ចសម្របសម្រួល និងសហការ ក្នុងន័យជំរុញស្ថានការណ៍អាហ្វហ្កានីស្ថាន ឆ្លងកាត់អន្តរកាលប្រកបដោយស្ថិរភាព ក៏ដូចជាអាចដើរតាមផ្លូវសន្តិភាព ស្ថិរភាព និងវិវឌ្ឍភាពយ៉ាងពិតប្រាកដ។ វាមានសារៈសំខាន់បំផុតក្នុងការគាំពារសន្តិសុខក្នុងតំបន់។

ប្រទេសចិនក៏បានលើកឡើងនូវ គំនិតផ្តួចផ្តើមមួយចំនួនដូចជា ការបន្តជំរុញសេរីភាវូបនីយកម្ម និងភាពងាយសម្រួលផែ្នកពាណិជ្ជកម្ម និងវិនិយោគជាដើម ហើយបានប្រកាសថា នឹងដាក់ចេញវិធានការជាក់លាក់ជាច្រើន ដូចជា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះខិតខំប្រឹងប្រែងសម្រេចបាននូវ គោលដៅស្តីពីទំហំពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានានៃអង្គការនេះ សរុបឡើងដល់ចំនួន ២ ទ្រីលាន ៣ សែនលានដុល្លារអាមេរិក (២,៣០០,០០០,០០០,០០០ដុល្លារ) និងផ្តល់កូតាបណ្តុះបណ្តាលចំនួន ១,០០០ នាក់ដល់បណ្តាប្រទេសនានា នៃអង្គការសហប្រតិបតិ្តការសៀងហៃ សម្រាប់ជួយលុបបំបាត់ភាពក្រីក្រ។ វិធានការទាំងនេះពិតជានឹងជំរុញបន្ថែមទៀត នូវការបើកទូលាយ និងការរួមបញ្ចូលគ្នាព្រម និងការតភ្ជាប់ដួងចិត្តរបស់ប្រជាជន នៃអង្គការសហប្រតិបតិ្តការសៀងហៃជាមិនខាន ហើយនឹងបំពេញបន្ថែមជាបន្តបន្ទាប់ នូវកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

បច្ចុប្បន្ននេះ អង្គការសហប្រតិបតិ្តការសៀងហៃ បានឈរនៅចំណុចចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ពោលគឺ សេចក្តីប្រកាសមួយច្បាប់ សេចក្តីសម្រេចចិត្តជាច្រើនព្រមទាំងសេចក្តីថ្លែងការណ៍ ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា និងសនិ្តសុខស្បៀងជាដើម ឯកសារទាំងនេះជាសាក្សីនៃសមិទ្ធផលជាផ្លែផ្កាយ៉ាងស្តុកស្តម្ភ ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបតិ្តការសៀងហៃលើកនេះ។ ជាពិសេស គំនិតផ្តួចផ្តើមថ្មី និងវិធានការថ្មីជាច្រើនដែលបានលើកឡើងដោយប្រទេសចិន ដោយសម្លឹងមើលទៅកាន់អនាគត នឹងជំរុញយ៉ាងខ្លាំងដល់ អង្គការសហប្រតិបតិ្តការសៀងហៃ ឱ្យបន្តប្រកាន់ខ្ជាប់នូវ «ស្មារតីសៀងហៃ» និងរួមចំណែកកាន់តែច្រើនដល់ស្ថិរភាព និងវិវឌ្ឍភាពក្នុងតំបន់និងពិភពលោក៕ (#CCFRComment#)