(ញូយ៉ក)៖ បេសកជនពិសេសម្នាក់របស់អង្គការសហប្រជាជាតិ (UN) បានជំរុញឱ្យពិភពលោករក្សាលំហូរហិរញ្ញវត្ថុ ចូលទៅក្នុងប្រទេសអាហ្វហ្កានីស្ថានដដែល បើទោះជាមានការព្រួយបារម្ភ ចំពោះរដ្ឋាភិបាលតាលីបង់ក៏ដោយ ដើម្បីបញ្ជៀសកុំឱ្យប្រជាជនអាហ្វហ្កានីស្ថានរងការឈឺចាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រី ដេបូរ៉ាហ៍ លីយ៉នស៍ (Deborah Lyons) ជាបេសកជនពិសេសទទួលបន្ទុក កិច្ចការអាហ្វហ្កានីស្ថានរបស់អគ្គលេខាធិការ UN បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការរក្សាលំហរហិរញ្ញវត្ថុ ចូលទៅក្នុងប្រទេសអាហ្វហ្កានីស្ថាន គឺដើម្បីបង្ការឱ្យកុំឱ្យសេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់សង្គមកាន់តែធ្លាក់ចុះដុនដាប... តែបើពុំដូច្នោះទេ វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមួយនឹងផ្ទុះឡើង ដែលនឹងបង្ខំឱ្យប្រជាជនអាហ្វហ្កានីស្ថាន ធ្លាក់ចូលក្នុងភាពក្រីក្រ, ក្លាយជនភៀសខ្លួន និងរងគ្រោះអត់ឃ្លាន កាន់តែយ៉ាប់យ៉ឺនជាងនេះ»

គួរបញ្ជាក់ថា បើតាមលោកស្រី Deborah Lyons ពិភពលោកគួរតែផ្ដល់ឱកាសមួយដល់ក្រុមតាលីបង់ ខណៈពួកគេកំពុងដឹកនាំរដ្ឋាភិបាលថ្មីមួយដែលកំពុង ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងទណ្ឌកម្មពីអន្តរជាតិនាំមុខដោយសហរដ្ឋអាមេរិក។

ការថ្លែងរបស់លោកស្រី Deborah ក៏មិនខុសពីអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នោះដែរ ដោយនៅក្នុងកិច្ចសម្ភាសន៍នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP លោក Guterres បានទទូចឲ្យសហគមន៍អន្តរជាតិ បន្តរក្សាកិច្ចពិភាក្សាជាមួយក្រុមតាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថាន ដោយលោកព្រមានថា «ការដួលរលំសេដ្ឋកិច្ច» ដែលអាចនាំឱ្យមានមនុស្សស្លាប់រាប់លាននាក់ ត្រូវតែចៀសវាង៕