(យូអិន)៖ នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអង្វរករសហគមន៍អន្តរជាតិ ឱ្យបន្តរក្សាកិច្ចពិភាក្សាជាមួយក្រុមតាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថាន ដោយលោកព្រមានថា «ការដួលរលំសេដ្ឋកិច្ច» ដែលអាចនាំឱ្យមានមនុស្សស្លាប់រាប់លាននាក់ ត្រូវតែចៀសវាង។ នេះបើតាមការដកស្រង់ព័ត៌មាន នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

លោក Antonio Guterres បានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវតែរក្សាកិច្ចពិភាក្សាជាមួយក្រុមតាលីបង់ ហើយយើងត្រូវបញ្ជាក់ពីគោលការណ៍របស់យើងដោយផ្ទាល់ ដើម្បីបង្កើតកិច្ចពិភាក្សាប្រកបដោយអារម្មណ៍សាមគ្គីភាព ជាមួយប្រជាជនអាហ្វហ្គានីស្ថាន ព្រោះកាតព្វកិច្ចរបស់យើង គឺពង្រីកសាមគ្គីភាពរបស់យើង ដល់ប្រជាជនដែលរងទុក្ខយ៉ាងខ្លាំង ព្រោះពួកគេរាប់លាននាក់កំពុងប្រឈមនឹងគ្រោះអត់ឃ្លាន»

លោក Antonio Guterres បានថ្លែងបន្ថែមទៀតថា យើងមិនអាចធានាបាននូវអ្វីដែលនឹងអាចកើតឡើង នៅក្នុងកិច្ចពិភាក្សានោះទេ ប៉ុន្តែកិច្ចពិភាក្សាគឺជាកត្តាចាំបាច់បំផុត «ប្រសិនបើយើងមិនចង់ឱ្យប្រទេសអាហ្វហ្កានីស្ថាន ក្លាយជាមជ្ឈមណ្ឌលនៃអំពើភេរវកម្ម, ប្រសិនបើយើងមិនចង់ឱ្យស្ត្រី និងក្មេងស្រីបាត់បង់សិទ្ធិសេរីភាពទាំងអស់ ដែលពួកគេទទួលបាន ក្នុងអំឡុងពេលសម័យមុន, ហើយប្រសិនបើយើងចង់ឱ្យក្រុមជនជាតិផ្សេងៗគ្នា អាចមានអារម្មណ៍ថា មានអាណាព្យាបាល»។

អ្វីដែលអង្គការសហប្រជាជាតិប្រាថ្នានោះគឺ «រដ្ឋាភិបាលរួបរួម» ដែលគ្រប់ផ្នែកទាំងអស់នៃសង្គមអាហ្វហ្គានីស្ថាន ត្រូវតែមានតំណាងចូលរួម។ យើងត្រូវការការគោរពសិទ្ធិស្ត្រី និងក្មេងស្រី ហើយអំពើភេរវកម្មត្រូវតែគ្មានមូលដ្ឋាននៅប្រទេសអាហ្វហ្គានីស្ថានទៀតឡើយ, ក្រុមតាលីបង់ត្រូវតែសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន, ប្រទេសអាហ្វហ្គានីស្ថានត្រូវតែគ្រប់គ្រង «ដោយសន្តិភាពនិងស្ថិរភាព ហើយសិទ្ធិរបស់ប្រជាជនត្រូវបានគោរព»។

លោក Antonio Guterres បានសង្កត់ធ្ងន់ជាចុងក្រោយថា «ក្រុមតាលីបង់ចង់បានការទទួលស្គាល់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការលុបចោលនូវទណ្ឌកម្មទាំងអស់។ ប៉ុន្តែខ្ញុំមិនទាន់អាចនិយាយ អំពីការដកទណ្ឌកម្ម ឬការទទួលស្គាល់ណាមួយនោះទេ... អ្វីដែលខ្ញុំកំពុងនិយាយពេលនេះ គឺអំពីវិធានការជាគោលដៅ ដើម្បីអនុញ្ញាតឱ្យសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន អាចដកដង្ហើមឡើងវិញ»