(កាប៊ុល)៖ ប្រភពពីក្រុមតាលីបង់បានឲ្យដឹងថា សហស្ថាបនិកតាលីបង់លោក Mullah Abdul Ghani Baradar នឹងក្លាយជាអ្នកដឹកនាំរដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មី ដែលនឹងត្រូវប្រកាសឲ្យដឹងក្នុងពេលឆាប់ៗ ខណៈលោក Haibatullah Akhundzada ក្លាយជាមេដឹកនាំកំពូលរបស់តាលីបង់ ដោយផ្តោតលើកិច្ចការសាសនា និងអភិបាលកិច្ចក្នុងក្របខ័ណ្ឌសាសនាអ៉ីស្លាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។

អាទិភាពបន្ទាន់បំផុតរបស់រដ្ឋាភិបាលថ្មីនេះ គឺការបញ្ជៀសនៃការដួលរលំនៃសេដ្ឋកិច្ចដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួត និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម២០ឆ្នាំ ដែលបានសម្លាប់ប្រជាជនអាហ្វហ្កានីស្ថានប្រមាណ ២៤០,០០០នាក់ មុនពេលកងកម្លាំងអាមេរិកបិទបញ្ចប់ការដកទ័ពរបស់ពួកគេកាលពីថ្ងៃទី៣០ ខែសីហា។

ប្រភពបីបាននិយាយថា លោក Baradar ដែលជាប្រធានការិយាល័យនយោបាយរបស់តាលីបង់ នឹងត្រូវបានចូលរួមដោយលោក មូលឡោះ យ៉ាឃូប (Mullah Yaqoob) ដែលត្រូវជាកូនប្រុសរបស់អតីតស្ថាបនិកតាលីបង់ និងលោក Sher Mohammad Abbas Stanikza ក្នុងរដ្ឋាភិបាលថ្មីនេះផងដែរ។

មន្រ្តីតាលីបង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «មេដឹកនាំកំពូលទាំងអស់បានមកដល់ទីក្រុងកាប៊ុលហើយ ខណៈដែលការរៀបចំរដ្ឋាភិបាលថ្មីអាហ្វហ្គានីស្ថាន កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ»

គួរបញ្ជាក់ថា ក្រុមតាលីបង់ដែលបានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន តាំងតែពីពាក់កណ្តាលខែសីហាកន្លងទៅ ត្រូវគេរំពឹងថានឹងប្រកាសបង្កើតរដ្ឋាភិបាលថ្មីជាផ្លូវការ នៅក្នុងថ្ងៃសុក្រនេះ ក្រោមការសម្លឹងមើលមិនដាក់ភ្នែកពីសហគមន៍អន្តរជាតិ៕